(កាប៊ុល)៖ ក្រុមតាលីបង់បានទទួលស្គាល់ថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនពិតជាបានចាប់ខ្លួន និងបាញ់សម្លាប់តារាកំប្លែងម្នាក់ នៅក្នុងខេត្ត កាន់ដាហា (Kandahar) នៃភាគខាងត្បូង ប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងខែកក្កដា ឆ្នាំ២០២១ នោះប្រាកដមែន ដែលប្រការនេះកំពុងបង្កឱ្យមានមន្ទិលកាន់តែច្រើន អំពីការសងសឹកចំពោះបណ្តាអ្នក ដែលធ្លាប់ធ្វើការឱ្យកងទ័ពអាមេរិក និង NATO។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Al jazeera នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គេឃើញតារាកំប្លែង លោក ណាហ្សា ម៉ូហាំម៉ាត់ (Nazar Mohammad) ឬមានឈ្មោះក្រៅមួយទៀតថា ខាហ្សា ស្វាន (Khasha Zwan) ដែលជាតារា TikTok ដ៏មានប្រជាប្រិយម្នាក់ផងដែរនោះ ត្រូវបានបុរសពីរនាក់ចាប់បញ្ចូលក្នុងរថយន្ដមួយគ្រឿង ហើយបុរសម្នាក់បានទះកំភ្លៀង តារាកំប្លែងរូបនេះផងដែរ។ ក្រោយមកទើបមានសេចក្ដីរាយការណ៍ថា លោក Nazar Mohammad ត្រូវបានគេបាញ់សម្លាប់ជាច្រើនជាគ្រាប់។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានចេញមុខទទួលស្គាល់ថា បុរសទាំងពីរនោះគឺជាសមាជិកក្រុមតាលីបង់ ហើយលោកបាននិយាយថា តាលីបង់គួរតែចាប់ខ្លួនលោក Nazar Mohammad បញ្ជូនឱ្យតុលាការកាត់ទោស ជាជាងបាញ់សម្លាប់រូបលោក។ យ៉ាងណាក៏ដោយ លោក Mujahid បានចោទប្រកាន់ថា តារាកំប្លែងរូបនេះគឺជាសមាជិកប៉ូលិសជាតិអាហ្វហ្កានីស្ថាន ហើយធ្លាប់បានចូលរួមក្នុងសកម្មភាពធ្វើទារុណកម្ម និងសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់ជាច្រើននាក់៕