(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Ismail Sabri Yaakob ដែលទើបតែឡើងកាន់តំណែង បានប្រកាសនៅថ្ងៃចន្ទនេះថា អ្នកនយោបាយនៅក្រុមប្រឆាំង នឹងមិនទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្តីឡើយ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

ទោះជាបែបនេះក្តី លោក Ismail បានបញ្ជាក់ថា ក្រុមប្រឆាំងអាចរួមចំណែកជួយប្រទេសជាតិបាន ដូចជាជួយដោះស្រាយវិបត្តិ COVID-19 នៅចំពោះមុខ តាមរយៈការចូលរួមក្នុងគណៈកម្មាធិការពិសេស COVID-19 ជាដើម។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបន្ថែមថា សមាសភាពគណៈរដ្ឋមន្រ្តីសម្រាប់រដ្ឋាភិបាលថ្មី នឹងត្រូវបានប្រកាសនាពេលឆាប់ៗ ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានបញ្ជីឈ្មោះផ្លូវការ នៅឡើយទេ។

គួរបញ្ជាក់ថា លោក Ismail បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៉ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយលោក Muhyiddin Yassin បានលាលែងពីតំណែង កាលពីថ្ងៃចន្ទសប្តាហ៍ដដែល បន្ទាប់ពីលោកទទួលស្គាល់ ចំពោះការបាត់បង់សំឡេងគាំទ្រភាគច្រើន នៅក្នុងសភា៕