(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសជប៉ុននឹងបញ្ជូនយន្តហោះ នៃកងកម្លាំងស្វ័យការពារចំនួន ០៣គ្រឿង ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសជនជាតិជប៉ុន និងបុគ្គលិកដែលធ្វើការឱ្យស្ថានទូតជប៉ុន ព្រមទាំងអង្គការដទៃទៀតចេញពីប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនយន្តហោះ C-2 ចំនួន ០១គ្រឿងនៅថ្ងៃចន្ទនេះ និងយន្តហោះ C-130 ចំនួន ០២គ្រឿងនៅថ្ងៃអង្គារស្អែកនេះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន សម្រាប់បំពេញបេសកកម្មជម្លៀស។ ចំណាត់ការថ្មីនេះត្រូវបានប្រកាសចេញ ក្រោយគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានរិះគន់ការសម្រេចចិត្តក្នុងការជម្លៀសអ្នកការទូតជប៉ុន តាមរយៈយន្តហោះយោធាអង់គ្លេសកាលពីសប្តាហ៍មុន។

បន្ទាប់ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានបិទទ្វារកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ មន្ត្រីទូតជប៉ុនមួយចំនួនត្រូវបានជម្លៀសទៅកាន់ទីក្រុងឌូបៃ (Dubai) ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) កាលពីថ្ងៃអង្គារសប្តាហ៍មុន ប៉ុន្តែជនជាតិជប៉ុនមួយចំនួន ដែលធ្វើការឱ្យអង្គការអន្តរជាតិដទៃទៀត មិនទាន់បានចាកចេញនៅឡើយទេ៕