(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃចន្ទនេះបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 មួយទៀតរបស់រុស្ស៉ី ឈ្មោះថា Sputnik Light ត្រូវបានអនុម័តឲ្យប្រើប្រាស់ ក្នុងប្រទេសខ្លួនហើយ ខណៈវាជាវ៉ាក់សាំងចាក់ត្រឹម ១ដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

ការអនុម័តខាងលើពីសំណាក់ ទីភ្នាក់ងារឱសថ និងចំណីអាហារហ្វីលីពីន នឹងអនុញ្ញាតឲ្យប្រទេសអាស៊ានមួយនេះ បន្តផែនការទិញវ៉ាក់សាំង Sputnik Light សរុប ១០លានដូស។ វាជាវ៉ាក់សាំងទី ៩ហើយ ដែលត្រូវបានអនុម័តឲ្យប្រើនៅហ្វីលីពីន រួមជាមួយវ៉ាក់សាំង COVID-19 មកពីក្រុមហ៊ុន Pfizer, AstraZeneca, Moderna, Johnson & Johnson, Sinovac, Sinopharm, Covaxin និង Sputnik V។

គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុតមួយ នៅតំបន់អាស៉ី មុនពេលវិបត្តិ COVID-19 ផ្ទុះឡើង ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីន បានថយចុះដល់ទៅ ៩.៦ភាគរយ កាលពីក្នុងឆ្នាំ២០២០។ យ៉ាងណាក៏ដោយ ហ្វីលីពីនមើលឃើញថា ការចាក់វ៉ាក់សាំង គឺជាកូនសោគន្លឹះឆ្ពោះទៅរកការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែមកទល់ពេលនេះ ហ្វីលីពីនចាក់វ៉ាក់សាំងពេញលេញឲ្យមនុស្ស បានត្រឹមជាង ១៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់ នៅចំពោះមុខការរាតត្បាតនៃវីរុសបំប្លែងថ្មី របស់កាចសាហាវរបស់ COVID-19 គឺ Delta៕