(ប៉េកាំង)៖ ទីក្រុងចំនួន២ នៅខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន នាថ្ងៃអាទិត្យនេះ បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់គ្រោះទឹកជំនន់ ដោយអំពាវនាវឲ្យអាជ្ញាធរតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការធ្លាក់ភ្លៀងខ្លាំងជោគជាំ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

ទីក្រុងស៉ីងយ៉ាង (Xingyang) និងទីក្រុងឆាងយ័ន (Changyuan) របស់ខេត្តហឺណាន បានដំឡើងកម្រិតឆ្លើយតបនៃការគ្រប់គ្រងទឹកជំនន់ ពីកម្រិតលេខ២ ទៅកម្រិតលេខ១ ដែលជាកម្រិតខ្ពស់ជាងគេ ក្នុងចំណោម៤កម្រិត នៃប្រព័ន្ធប្រកាសអាសន្នគ្រោះទឹកជំនន់របស់ចិន។ ការប្រកាសអាសន្នកម្រិតខ្ពស់នេះ ព្រមានពីលទ្ធភាពនៃការបាក់ទំនប់ទឹក រួមទាំងការជន់លិចធ្ងន់ធ្ងរ នៅកន្លែងជាច្រើនព្រមគ្នា។

គួរបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅ ការធ្លាក់ភ្លៀងខ្លាំងមិនធ្លាប់មាន បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលផ្តាច់ជីវិតមនុស្សច្រើនជាង៣០០នាក់ នៅក្នុងខេត្តហឺណាន។ ទីក្រុងស៉ីងយ៉ាង និងទីក្រុងឆាងយ័ន ក៏បានស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ នាពេលនោះផងដែរ។ ក្រៅពីភាគកណ្តាល អាជ្ញាធរចិនក៏បានព្រមានពីការធ្លាក់ភ្លៀងខ្លាំងនៅទូទាំងប្រទេសថែមទៀតផង រួមមានទាំងនៅខេត្តស៉ីឈាន់ (Sichuan) ភាគនិរតី និងខេត្តហ៊ៃឡុងជាំង (Heilongjiang) ភាគឦសាន៕