(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានទៅដល់ប្រទេសសិង្ហបុរី នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Straits Times នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

លោកស្រី Harris នឹងចាប់ផ្តើមជំនួបពិភាក្សាផ្លូវការ ជាមួយថ្នាក់ដឹកនាំរបស់សិង្ហបុរី នៅថ្ងៃចន្ទស្អែក ក្នុងនោះរួមមាន ការជួបសំណេះសំណាលជាមួយ ប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ា យ៉ាកុប (Halimah Yacob) នៅវិមានអ៉ីស្តាណា (Istana) ហើយបន្ទាប់មកទៀតគឺ កិច្ចប្រជុំនិងការធ្វើសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong)។

លោកស្រី Harris នឹងចាកចេញពីសិង្ហបុរី នៅរសៀលថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដើម្បីបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម មុនពេល លោកស្រី ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ដដែល។ វាគឺជាដំណើរទស្សនកិច្ចលើកទីមួយ របស់លោកស្រី នៅក្រៅតំបន់អាមេរិក ចាប់តាំងពីការស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដា កន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ក៏ទើបតែបានមកបំពេញទស្សនកិច្ច នៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ គឺទៅកាន់សិង្ហបុរី ហ្វីលីពីន និងវៀតណាម។ យោងតាមក្រុមអ្នកវិភាគ ដំណើរទស្សនកិច្ចទាំងនេះ ត្រូវមើលឃើញថា ជាការព្យាយាមពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ប្រទេសចិន៕