(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩០,៧៨២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,៥១៩,២៩៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៤,៨៤០នាក់ និងជាសះស្បើយឡើងសរុប ៣០.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន បើទោះបីជាមានសំនួរជាច្រើន ត្រូវបានចោទឡើង អំពីភាពចាំបាច់នៃការធ្វើបែបនេះក៏ដោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦០លានដូស ក្នុងនោះប្រជាជន ២០០.៤២លាននាក់ (៦១.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧០លាននាក់ទៀត (៥២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕