(តែលអាវីវ)៖ ក្រុមយន្តហោះចម្បាំងរបស់យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) នៅតំបន់ហ្គាហ្សា (Gaza) ក្រោយផ្ទុះការបាញ់គ្នាឆ្លងព្រំដែនក្នុងថ្ងៃដដែល ដែលបានបណ្តាលឲ្យទាហានអ៉ីស្រាអែលម្នាក់រងរបួសធ្ងន់ ហើយប្រជាជនប៉ាឡេស្ទីន៤១នាក់ ក៏បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។

ភាពតានតឹងនៅព្រំប្រទល់រវាងអ៉ីស្រាអែលនិងតំបន់ Gaza បានកើតឡើង នៅពេលប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានទៅប្រមូលផ្តុំគ្នានៅតំបន់ព្រំដែន ដែលមានការការពារយ៉ាងតឹងរ៉ឹងដោយអ៉ីស្រាអែល។ បើតាមយោធាអ៉ីស្រាអែល ក្រុមបាតុករមួយចំនួន បានព្យាយាមឡើងរនាំងព្រំដែន ហើយខ្លះទៀតបានចោលគ្រឿងផ្ទុះមកលើកម្លាំងអ៉ីស្រាអែល ដែលជាហេតុធ្វើឲ្យយោធាអ៉ីស្រាអែលឆ្លើយតបវិញ តាមមធ្យោបាយបង្រ្កាបកុបកម្ម រួមមានទាំងការប្រើគ្រាប់កាំភ្លើងពិត។

អាជ្ញាធរសុខាភិបាលតំបន់ Gaza បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន២នាក់ បានរងរបួសធ្ងន់ ក្នុងចំណោមជាង៤០នាក់ ដែលរងរបូស ដោយសារការបង្រ្កាបរបស់អ៉ីស្រាអែល។ ចំណែក ខាងអ៉ីស្រាអែលក៏មានយោធាម្នាក់រងរបួសធ្ងន់ផងដែរ ដោយសារការបាញ់ប្រហារពីខាងតំបន់ Gaza។ យោធាអ៉ីស្រាអែលបានអះអាងថា ខ្លូនក៏បានបញ្ជូនក្រុមយន្តហោះចម្បាំង ឲ្យទៅវាយប្រហារលើកន្លែងផលិតនិងស្តុកអាវុធ ចំនួន៤ទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុម Hamas។

គួរបញ្ជាក់ថា ជាការត្រៀមលក្ខណៈសម្រាប់ការកើនឡើងនៃភាពតានតឹង យោធាអ៉ីស្រាអែលបានដាក់ពង្រាយកងកម្លាំងបន្ថែម ទៅកាន់តំបន់ព្រំប្រទល់ជាប់តំបន់ Gaza ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល បានរាយការណ៍ថា យោធាក៏បានបង្កើនការដាក់ពង្រាយប្រព័ន្ធការពារមីស៉ីល អាយរ៉ន់ ដូម (Iron Dome) ផងដែរ៕