(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ក្រុមហ៊ុន Twitter ចំពោះការអនុញ្ញាតឱ្យក្រុមតាលីបង់ ប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីការឈ្លានពានរបស់ពួកគេនៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានរារាំងរូបលោកដែលជាអតីតប្រធានាធិបតីអាមេរិកទាំងមូល។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន New York Post កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១កន្លងទៅ។

តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយសារព័ត៌មាន Newsmax កាលពីថ្ងៃពុធសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានលើកឡើងថា «វាគួរឱ្យអាម៉ាស់ណាស់ នៅពេលដែលពួកឃាតករ ចោរប្លន់ ជនផ្តាច់ការ និងប្រទេសដ៏អាក្រក់ខ្លះពួកគេសុទ្ធតែអាចប្រើប្រាស់បាន ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកទាំងមូល ដែលមានប្រជាជនរាប់រយលាននាក់តាមដាន បែរជាមិនអាចទៅវិញ»។

គួរបញ្ជាក់ថា ខណៈពេលដែលលោក ត្រាំ នៅតែត្រូវបានរារាំងពីវេទិកា ចាប់តាំងពីកុបកម្មថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១មក ចំណែកអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ត្រូវបានអនុញ្ញាតឱ្យប្រកាសបច្ចុប្បន្នភាពដោយសេរីនៅលើវេទិកា។

គណនីដែលមិនត្រូវបានបញ្ជាក់ (unverified) របស់លោក Mujahid ដែលត្រូវបានប្រើដើម្បីផ្តល់ព័ត៌មានថ្មីៗស្តីពីការដណ្តើមយកទីក្រុងអាហ្វហ្គានីស្ថាន របស់តាលីបង់ ដោយមានអ្នកតាមដានជាង ៣២៦,០០០នាក់។ ចំណែកអ្នកនាំពាក្យតាលីបង់ម្នាក់ទៀតគឺលោក Qari Yusuf Ahmadi មានអ្នកតាមដានជាង ៦៦,០០០នាក់។

ជុំវិញបញ្ហានេះក្រុមហ៊ុន Twitter មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការរិះគន់របស់អតីតប្រធានាធិបតីនេះទេ។ ប៉ុន្តែបានចេញសេចក្តីថ្លែងការណ៍ជារួមស្តីពីគោលការណ៍របស់ខ្លួនពាក់ព័ន្ធក្រុមជុ្រលនិយម៕