(កាប៊ុល)៖ សេដ្ឋកិច្ចអាហ្វហ្កានីស្ថានមានភាពផុយស្រួយ និងពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីអន្តរជាតិ ហើយបច្ចុប្បន្នវាកាន់តែមានភាពមិនច្បាស់លាស់ ក្រោយក្រុមតាលីបង់ ឡើងគ្រប់គ្រងប្រទេសសាជាថ្មី។ ធនាគារពិភពលោក (World Bank) ធ្លាប់បានឱ្យដឹងមុនពេលការឡើងកាន់អំណាចរបស់តាលីបង់ថា ៧៥ភាគរយនៃថវិកាជាតិសម្រាប់ ចាយវាយប្រចាំឆ្នាំរបស់អាហ្វហ្កានីស្ថាន គឺពឹងផ្អែកលើជំនួយពីអន្តរជាតិ។ ដូច្នេះថាតើការឡើងកាន់អំណាចរបស់តាលីបង់ជះផលអាក្រក់អ្វីខ្លះដល់សេដ្ឋកិច្ចជាតិ ហើយតើ ពួកគេអាចរកច្រកចេញបានដែរឬទេ?

* ការចូលទៅកាន់ហិរញ្ញវត្ថុ

ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច និងសហរដ្ឋអាមេរិកបាន និងកំពុងធ្វើឱ្យជំនួយហិរញ្ញវត្ថុពីអន្តរជាតិស្ថិតនៅក្នុងភាពស្រពិចស្រពិល។
កាលពីសប្ដាហ៍មុន អាល្លឺម៉ង់ដែលជាម្ចាស់ជំនួយមួយដ៏ធំរបស់អាហ្វហ្កានីស្ថាន បានប្រកាសខ្លួននឹងបញ្ឈប់រាល់ការផ្ដល់ជំនួយនានា ក្នុងករណីដែលក្រុមតាលីបង់ឡើងគ្រប់គ្រង ប្រទេសដោយកម្លាំងបាយ។ ចំណែកឯ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថានឹងបិទខ្ទប់មិនឱ្យអាហ្វហ្កានីស្ថានចូលទៅកាន់ ឬទទួលបានហិរញ្ញវត្ថុពីម្ចាស់កម្ចី នោះឡើយ ក្នុងនោះរួមមានទាំងទុនបម្រុង ៤៤០លានដុល្លារ ដោយសារតែមិនដឹងច្បាស់ថាតើសហគមន៍អន្តរជាតិនឹងទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានរបស់ ក្រុមតាលីបង់ ដែរឬក៏យ៉ាងណា?

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានប្រកាសបង្កកទ្រព្យសម្បតិ្តជាង ៩.៥ពាន់លានដុល្លាររបស់ធនាគារកកណ្ដាលអាហ្វហ្កានីស្ថានដែលមានតម្កល់ទុកនៅអាមេរិក ផងដែរ ដោយអះអាងថាមិនចង់ឱ្យវាធ្លាក់ចូលដៃក្រុមតាលីបង់។

* វិបត្តិការងារ

អសន្តិសុខ និងអំពើពុករលួយធ្ងន់ធ្ងរបានបង្កឱ្យក្រុមហ៊ុនវិនិយោគបរទេសជាច្រើនមិនហ៊ានបោះទុនវិនិយោគនៅក្នុងប្រទេសអាហ្វហ្កានីស្ថានដែលមានប្រជាជនប្រមាណ ៣៨លាននាក់។ បើតាមធនាគារពិភពលោក ប្រជាជនអាហ្វហ្កានីស្ថានច្រើនជាង ៦០ភាគរយទទួលបានប្រាក់ចំណូលពីវិស័យកសិកម្ម ហើយអាភៀនត្រូវបានគេជឿជាក់ថា ជាប្រភពចំណូលដ៏ធំរបស់តាលីបង់។ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា (UNODC) បានឱ្យដឹងថាអាហ្វហ្កានីស្ថាន អាចផលិតអាភៀនបាន៨០ ទៅ ៩០ភាគរយនៃទិន្នផលអាភៀសនៅទូទាំងពិភពលោក។

ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថានឹងមិនមានការផលិតគ្រឿងញៀន ក្នុងប្រទេសអាហ្វហ្កានីស្ថានទៀតឡើយ។ «យើងសូមធានាជូនជនរួមជាតិទាំងប្រុសទាំងស្រីរបស់យើង និងសហគមន៍អន្តរជាតិថាយើងនឹងមិនមានការផលិតផលគ្រឿងញៀន ណាមួយទេ...ហើយចាប់ពីពេលនេះតទៅ ក៏គ្មាននរណាម្នាក់អាចពាក់ព័ន្ធ ឬក៏រត់ពន្ធគ្រឿងញៀននោះដែរ»។ នេះជាការបញ្ជាក់របស់លោក Mujahid។

* រ៉ែបម្រុង

អាហ្វហ្កានីស្ថានគឺជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក ដោយមានប្រជាជនជិត ៩០ភាគរយរកប្រាក់ចំណូលបានទាបជាង ២ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែ អាហ្វហ្កានីស្ថាន មានរ៉ែបម្រុងគិតទឹកប្រាក់ស្មើនឹងជាង ៣ទ្រីលានដុល្លារ។ នេះបើតាមស្ថានីយទូរទស្សន៍អាមេរិក CNBC។ រ៉ែដែលជាសម្បូរជាងគេនៅអាហ្វហ្កានីស្ថានគឺលីចូម (lithium) ដែល មានសារៈសំខាន់សម្រាប់វិស័យថាមពល និងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ ក៏ប៉ុន្តែដើម្បីចម្រាញ់រ៉ែនេះ តម្រូវឱ្យមានការវិនិយោគដ៏ធំ, ពេលវេលា និងចំណេះដឹងផ្នែក បច្ចេកទេសជាដើម។

លោក Said Mirzad មកទីភ្នាក់ងារឃ្លាំមើលភូមិសាស្ត្រអាមេរិក (U.S. Geological Survey) ធ្លាប់បានប្រាប់ទស្សនាវដី្ដ Science កាលពីឆ្នាំ២០១០ថា ប្រសិនបើ អាហ្វហ្កានីស្ថានមានស្ថិរភាពដោយមិនមានសង្រ្គាម ម្ល៉េះប្រទេសមួយនេះអាចនឹងក្លាយជាប្រទេសអ្នកមានមួយក្នុងតំបន់ក្នុងរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះតាមរយៈ
ការអភិវឌ្ឍធនធានរ៉ែដែលខ្លួនមាន។

វិស័យរ៉ែបានជួយរកចំណូលឱ្យអាហ្វហ្កានីស្ថាន បាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែអ្វីគេត្រូវរង់ចាំមើលនោះ ថាតើក្រុមតាលីបង់នឹងកែប្រែដូចដែលពួកគេបានសន្យាដែរ ឬទេ ខណៈបណ្ដាប្រទេសជាច្រើន រួមទាំងមហាអំណាចក៏ចង់ឃើញការធ្វើសកម្មភាព ជាជាងគ្រាន់តែនិយាយឱ្យរួចតែពីមាត់។ អង់គ្លេស និងសហភាពអឺរ៉ុបបញ្ជាក់រួចហើយថា ពួកគេនឹងធ្វើការជាមួយតាលីបង់ ដារាបណាសិទ្ធិមនុស្សត្រូវបានគោរព៕