(ស៊ីដនី)៖ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ ប៉ូលិសអូស្ត្រាលីបានធ្វើការបង្ក្រាប និងចាប់ខ្លួនបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងវិធានការ lockdown នៅក្នុងទីក្រុង ស៊ីដនី និង មែលប៊ឺន ខណៈវីរុស COVID-19 បំប្លែងខ្លួន Delta កំពុងបញ្ចេញឥទ្ធិពលកាន់តែខ្លាំងឡើងៗ។

ការតវ៉ាខាងលើនេះ ត្រូវបានប៉ូលិសអូស្ត្រាលីគណនាថា មានការចូលរួមពីមនុស្សជាង ៤,០០០នាក់ ដែលភាគច្រើនគឺជាយុវជន ហើយក៏មានក្រុមតូចៗផ្សេងទៀត ដែលត្រូវបានប៉ូលិសទប់ស្កាត់ មិនឲ្យធ្វើការប្រមូលផ្តុំផងដែរ ទាំងនៅក្នុងទីក្រុងស៊ីដនី និងមែលប៊ឺន ដែលកំពុងស្ថិតក្នុងការអនុវត្តវិធានការបិទខ្ទប់ (lockdown) ដូចគ្នា។ ការតវ៉ានេះបានមានឡើង ចំពេលប្រទេសអូស្ត្រាលី ទើបតែបានប្រកាសរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ទៅជិត ៩០០នាក់។

គួរបញ្ជាក់ថា បាតុកររាប់រយនាក់ដែលត្រូវបានចាប់ខ្លួននៅទីក្រុងស៊ីដនី និងមែលប៊ឺននោះ នឹងប្រឈមមុខការផាកពិន័យជាទឹកប្រាក់ក្នុងម្នាក់ៗ ៥,៤៥២ដុល្លារអូស្ត្រាលី ឬស្មើនឹង ៣,៩០០ដុល្លារសហរដ្ឋអាមេរិក ដោយសារតែពួកគេបានបំពាន វិធានការសុខភាពសាធារណៈ ខណៈប្រទេសជាតិកំពុងរងការរាតត្បាតជំងឺ COVID-19 ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងយ៉ាងលឿនរហ័ស និងងាយធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់៕