(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) បានបញ្ជាឱ្យក្រសួងសុខាភិបាល រៀបចំការទូទាត់ប្រាក់កម្រៃសម្រាប់បុគ្គលិកសុខាភិបាល ដែលមិនទទួលបាននោះឲ្យទាន់ពេលវេលា បន្ទាប់ពីការគំរាមលាឈប់ ពីសំណាក់គិលានុប្បដ្ឋាយិកា និងការព្រមានពីសំណាក់សហជីពផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

មន្ទីរពេទ្យមានការភ័យខ្លាចថា ការលាឈប់របស់បុគ្គលិកសុខាភិបាល ជាពិសេសគិលានុបដ្ឋយិកានឹងឈានដល់ចំណុច ដែលពិបាកទទួលយកមួយ ខណៈករណីឆ្លងនៃវីរុស COVID-19 បំប្លែងខ្លួន Delta បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងពិភពលោក ជាពិសេសគឺនៅហ្វីលីពីនផ្ទាល់។

លោក Duterte បានប្រាប់រដ្ឋមន្រ្តីសុខាភិបាល លោក ហ្វ្រានស៊ីស្កូ ឌូក (Franscisco Duque) ច្បាស់ៗថា «ទូទាត់ប្រាក់ឱ្យពួកគេ។ ប្រើទឹកប្រាក់ដែលមានទាំងប៉ុន្មាន ដើម្បីទូទាត់ឱ្យពួកគេទៅ»។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ កំពុងប្រឈមនឹងសំណួរពាក់ព័ន្ធនឹង ការចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដោយមិនបានទូទាត់ប្រាក់កម្រៃជូនដល់បុគ្គលិកសុខាភិបាលឲ្យទាន់ពេលនោះឡើយ ទើបការតវ៉ា និងគំរាមលាឈប់ផ្ទុះឡើងនៅហ្វីលីពីន។

គួរបញ្ជាក់ថា បទបញ្ជាខាងលើនេះបានកើតឡើង បន្ទាប់ពីមេដឹកនាំសហជីពនៅក្នុងមន្ទីរពេទ្យ បានគំរាមលាឈប់កាលពីសប្តាហ៍មុន ខណៈក្រុមគិលានុបដ្ឋាយិកាបាននិយាយថា បុគ្គលិកជាច្រើននាក់អាចនឹងលាឈប់ពីការងារ ដោយសារតែពួកគេមិនទាន់ទទួលបានប្រាក់កម្រៃ ហើយការធ្វើបែបនេះ នឹងបន្ថែមសម្ពាធដល់បណ្តាមន្ទីរពេទ្យ ដែលកំពុងខ្វះខាតបុគ្គលិកស្រាប់។

សមាគមមន្ទីរពេទ្យឯកជនហ្វីលីពីន (PHAPi) បានប៉ាន់ប្រមាណថា គិលានុបដ្ឋាយិកានៅតាមមន្ទីរពេទ្យឯកជនប្រហែល ៤០ភាគរយ បានលាឈប់កាលពីឆ្នាំ២០២០កន្លងទៅនេះ ខណៈជាច្រើននាក់ទៀតបានលាឈប់ ដោយសារតែការផ្ទុះឡើងនូវរលកថ្មី នៃការឆ្លងរីករាលដាលវីរុស COVID-19 បំប្លែងខ្លួន Delta នៅឆ្នាំ២០២១នេះ ហើយមន្ទីរពេទ្យសាធារណៈ ក៏កំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ៕