(កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់បានប្រកាសថា គ្មានឡើយការចាប់ពង្រត់ជនបរទេស នៅក្បែរអាកាសយានដ្ឋានទីក្រុងកាប៊ុល ខណៈភាពកកុញនៅតែបន្តកើតមាន ចំពោះមុខការជម្លៀសមនុស្សចេញ ដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

លោក អះម៉ាឌុលឡោះ វ៉ាសេក (Ahmadullah Waseq) អ្នកនាំពាក្យក្រុមតាលីបង់ បានប្រាប់សារព័ត៌មានក្នុងទីក្រុងកាប៊ុល នៅថ្ងៃសៅរ៍នេះថា «សេចក្តីរាយការណ៍ថា មានអ្នកត្រូវបានចាប់ពង្រត់នោះ គឺជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ សមាជិកនៃក្រុមតាលីបង់ កំពុងតែជួយជនបរទេសទាំងអស់ ឲ្យបានដល់ទៅដល់ព្រលានយន្តហោះ។ យើងបានប្តេជ្ញាចិត្តរួចហើយ ក្នុងការផ្តល់មធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព ទៅដល់គ្រប់ជនបរទេសទាំងអស់ ទៅកាន់ព្រលានយន្តហោះ»

អ្នកនាំពាក្យខាងលើនេះ ក៏បានគូសបញ្ជាក់ថែមទៀតថា សមាជិកក្រុមតាលីបង់ទើបតែបានសម្រួល ឲ្យពលរដ្ឋឥណ្ឌាប្រមាណ ១៥០នាក់ ចូលទៅកាន់ព្រលានយន្តហោះទីក្រុងកាប៊ុល ប្រកបដោយសុវត្ថិភាពផងដែរ។ បន្ថែមពីនេះ សារព័ត៌មានឥណ្ឌាក៏បានចេញផ្សាយនៅថ្ងៃសៅរ៍នេះ អំពីការទៅដល់ទឹកដីកំណើត នៃជនជាតិខ្លួនជាង ៨០នាក់ផងដែរ ក្រោយពីបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមយន្តហោះយោធាពិសេសរបស់ឥណ្ឌា។

គួរបញ្ជាក់ថា ការជម្លៀសមនុស្សនៅតែបន្តនៅឡើយ ក្នុងព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអះអាងថា ខ្លួនបានដាក់ពង្រាយកងទ័ពជាង ៥,០០០នាក់ នៅអាកាសយានដ្ឋាននេះ ដើម្បីសម្រួលដល់ការចាកចេញ នៃយន្តហោះដឹកមនុស្សចេញពីអាហ្វហ្គានីស្ថាន៕