(កាប៊ុល)៖ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះថា ពួកគេចង់កសាងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ នៅលើពិភពលោកនេះ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក មូលឡោះ អាប់ឌុល ហ្កានី បារ៉ាដា (Mullah Abdul Ghani Baradar) ប្រធាននយោបាយនៃក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងអាហ្វហ្គានីស្ថាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមេដឹកនាំកំពូលលំដាប់លេខ ២ រូបនេះ បានត្រលប់ចូលមកដល់ទឹកដីកំណើតវិញ បន្ទាប់ពីបានចាកចេញអស់រយៈពេល ២០ឆ្នាំ។

លោក Baradar បានលើកឡើងតាមរយៈគណនី Twitter យ៉ាងដូច្នេះថា «ប្រទេសអេមីរ៉ាត់អ៊ីស្លាមអាហ្វហ្គានីស្ថាន ចង់បានទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង»។ ប្រទេសអេមីរ៉ាត់អ៊ីស្លាមអាហ្វហ្គានីស្ថាន គឺជាឈ្មោះផ្លូវការ ដែលក្រុមតាលីបង់ បានដាក់ឲ្យប្រទេសអាហ្វហ្គានីស្ថាន។

លោក Baradar ក៏បានច្រានចោលផងដែរ ចំពោះសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនដែលថា ក្រុមតាលីបង់មិនចង់បង្កើតទំនាក់ទំនងពាណិជ្ជកម្ម ឬការទូតជាមួយសហរដ្ឋអាមេរិកនោះ។ លោក Baradar សង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនដែលនិយាយអំពីការកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសណាមួយឡើយ។ ការផ្សព្វផ្សាយបែបនេះ ត្រឹមតែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ... វាមិនមែនជាការពិតឡើយ»

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហានេះ លោក Baradar បានធ្វើដំណើរចាកចេញពីខេត្ត កាន់ដាហារ (Kandahar) ទៅដល់រដ្ឋធានីកាប៊ុល ដើម្បីធ្វើការពិភាក្សាប្រឹក្សាយោបល់ ជាមួយថ្នាក់ដឹកនាំកំពូលៗអាហ្វហ្គានីស្ថាន ស្តីអំពីការបង្កើតរដ្ឋាភិបាលថ្មីមួយ។ លោក Baradar បានចាកចេញពីទីក្រុង ដូហា (Doha) នៃប្រទេសកាតា មកដល់ខេត្ត Kandahar កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕