(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានសន្យាថា នឹងបន្តផ្ដល់ការគាំទ្រជានិច្ចដល់ជនរងគ្រោះដោយសារអំពើភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

លោក Guterres បានថ្លែងនៅក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់មួយ ដើម្បីប្រារព្ធទិវាអន្តរជាតិនៃការរំលឹក និងការគោរពដល់ជនរងគ្រោះនៃអំពើភេរវកម្មដែល ប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហានេះថា «អង្គការសហប្រជាជាតិ នឹងបន្តផ្ដល់ការគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋជាសមាជិកក្នុងការដោះស្រាយ តម្រូវការរបស់ជនរងគ្រោះដោយសារអំពើភេរវកម្ម»

លោក Guterres បន្ថែមថា «ខ្ញុំទន្ទឹងរង់ចាំរៀនពីរបៀបដែលយើងអាចជំរុញដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ និងរង់ចាំស្តាប់ដោយផ្ទាល់ពីជនរងគ្រោះអំពី តម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ នៅក្នុងអំឡុងសន្និសីទស្តីពីជនរងគ្រោះនៃអំពើភេរវកម្មជាសកលជាលើកដំបូងដែលយើងនៅតែមានបំណងរៀបចំ ឡើងនៅអង្គការសហប្រជាជាតិ (UN) នៅឆ្នាំ២០២២ខាងមុខនេះ»

គួរបញ្ជាក់ថា ការរំលឹកដល់ជនរងគ្រោះនៃអំពើភេរវកម្មមានន័យថាជាការផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិត។ វាក៏មានន័យថា ការទន្ទឹងរង់ចាំ និងស្វែងយល់ពីទំនួលខុសត្រូវរបស់យើង ដើម្បីការពារការបាត់បង់ជីវិតបន្ថែមទៀតផងដែរ។ លោក Guterres បាននិយាយបន្ថែមថានេះជាមូលហេតុ ដែលអង្គការសហប្រជាជាតិ ប្តេជ្ញាការពារអំពើភេរវកម្ម រួមទាំងដោះស្រាយលក្ខខណ្ឌនានាដែលបង្កឱ្យមានការរីករាលដាលនៃអំពើភេរវកម្ម និងគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យភេរវករទទួលខុសត្រូវចំពោះការឈឺចាប់ដែលពួកគេបានបង្ក៕