(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បានឱ្យដឹងថាឥណ្ឌូណេស៊ីបានរើស្ថានទូតរបស់ខ្លួនប្រចាំ រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ទៅប៉ាគីស្ថានវិញ ស្របពេលបុគ្គលិកទូតរាប់សិបនាក់ត្រូវបានជម្លៀសចេញពីប្រទេសអាស៊ីខាងត្បូងនេះក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីហ្សាការតានៅថ្ងៃសៅរ៍នេះ។ លោកស្រី ម៉ាស៊ូឌី បានគូសបញ្ជាក់ដូច្នេះថា៖ «ជាបណ្ដោះអាសន្ន បេសកកម្មការទូត (ស្ថានទូតឥណ្ឌូណេស៊ី) ក្នុងទីក្រុងកាប៊ុល នឹងត្រូវដោះស្រាយកិច្ចការចេញពីទីក្រុងអ៉ីស្លាមម៉ាបាត(Islamabad) ប្រទេសប៉ាគីស្ថាន។ លោកស្រី ម៉ាស៊ូឌី មិនបានបញ្ជាក់លម្អិតពីហេតុផលនៃការរើស្ថានទូតឥណ្ឌូណេស៊ីឡើយ ដោយគ្រាន់តែឱ្យដឹងថាផ្អែកលើស្ថានភាពថ្មីចុងក្រោយបំផុតនៅអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា ក្រៅតែពីឥណ្ឌូណេស៊ី បណ្ដាប្រទេសជាច្រើនទៀតក៏បានជម្លៀសបុគ្គលិកទូត ឬបិទស្ថានទូតរបស់ពួកគេប្រចាំប្រទេសអាហ្វហ្កានីស្ថានផងដែរ បន្ទាប់ក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី ខណៈគេមិនទាន់ដឹងច្បាស់ថារដ្ឋាភិបាលថ្មីរបស់តាលីបង់នឹងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ឬក៏យ៉ាងណានោះទេ៕