(មែលប៊ឺន)៖ កងកម្លាំងប៉ូលិសអូស្ត្រាលីត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មតវ៉ានៅថ្ងៃសៅរ៍នេះ ខណៈប្រទេសជាតិទាំងមូល ទើបតែមើលឃើញការកើនឡើងបន្ថែមទៀត នៃករណីឆ្លងជំងឺ COVID-19 បើទោះបីជាតំបន់ជាច្រើនកំពុងស្ថិតក្នុងការបិទខ្ទប់ក្តី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

ករណីឆ្លងជំងឺ COVID-19 សរុបរហូតដល់ ៨៨៦នាក់ ត្រូវបានរាយការណ៍នៅរដ្ឋ ញួសោតវែលស៍ (New South Wales) និង វិចតូរៀ (Victoria) ហើយភាគច្រើននៃករណីទាំងអស់នេះ គឺស្ថិតនៅក្នុងទីក្រុង ស៊ីដនី ដែលជាចំណុចកណ្តាលនៃការផ្ទុះរាតត្បាត វីរុស COVID-19 បំប្លែងខ្លួន Delta។

ដោយឡែករដ្ឋ និងដែនដីផ្សេងៗទៀតនៅទូទាំងប្រទេសអូស្ត្រាលី សុទ្ធតែបានរាយការណ៍ អំពីការបំបែកកំណត់ត្រានៃករណីឆ្លងប្រចាំថ្ងៃ នៅថ្ងៃសៅរ៍នេះដូចគ្នា។ ចំពោះមុខកំណើននៃករណីឆ្លង និងចេតនាធ្វើបាតុកម្មតវ៉ា ប្រឆាំងចំណាត់ការរបស់រដ្ឋាភិបាល អាជ្ញាធររដ្ឋ New South Wales បានឆ្លើយតបថា «យើងទាំងអស់គ្នាកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត។ ឥឡូវនេះយើងគ្មានពេល ដើម្បីបំពេញភាពអាត្មានិយមរបស់នរណាម្នាក់នោះទេ... វាគឺជាពេលដែលអ្នកទាំងអស់់គ្នា ត្រូវគិតអំពីក្រុមគ្រួសារ និងសហគមន៍ទាំងមូលរបស់អ្នក...»

គិតត្រឹមថ្ងៃសៅរ៍នេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៤៣,១២៣ករណី ក្នុងនោះស្លាប់ ៩៧៨នាក់ និងជាសះស្បើយវិញ ៣១,៥៩៣នាក់។ រដ្ឋ New South Wales ដែលមានទីក្រុងស៊ីដនីនៅក្នុងនោះ គឺជាចំណុចកណ្តាលនៃការឆ្លងរាតត្បាត ហើយក៏កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេផងដែរ ដោយសារតែវីរុស COVID-19 បំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងធ្វើឲ្យអ្នកជំងឺងាយធ្លាក់ខ្លួនឈឺធ្ងន់៕