(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា អនាគតនៃប្រទេសអាហ្វហ្គានីស្ថាន គួរតែត្រូវបានសម្រេចចិត្ត ដោយប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯង ហើយវាចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួន ក្នុងការជួយជំរុញពីក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

ការថ្លែងរបស់លោក វ៉ាង យី ខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងឱកាសនៃការបើកកិច្ចសន្ទនា ជាមួយសមភាគីអ៊ីតាលីលោក លូអ៊ីជី ឌី ម៉ៃយ៉ូ (Luigi Di Maio)។ រដ្ឋមន្ត្រីការបរទេសទាំងពីររូប បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ជុំវិញស្ថានការណ៍ដែលបាននិងកំពុងកើតមានឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងឱកាសនោះ លោក វ៉ាង យី បានលើកឡើងថា «ទំព័រប្រវត្តិសាស្ត្រថ្មីត្រូវបានបើកហើយ នៅអាហ្វហ្គានីស្ថាន... ហើយប្រវត្តិសាស្ត្រនេះ នឹងត្រឹមតែបញ្ជាក់នូវសេចក្តីបញ្ចប់ អំពីអ្វីដែលបានកើតមានឡើង កាលពីអតីតកាលតែប៉ុណ្ណោះ... ប្រការនេះបានបង្ហាញថា ការប្រើតម្លៃរបស់ខ្លួនឯង ទៅបង្ខិតបង្ខំលើជាតិសាសន៍ និងអរិយធម៌ដទៃ គឺពិបាកនឹងសម្រេចលទ្ធផលណាស់... ដូច្នេះអ្វីដែលបានបង្ហាញយ៉ាងច្បាស់ តាមរយៈអតីតកាលមួយនេះ ហើយវានឹងនៅតែជាករណីដដែល សម្រាប់ថ្ងៃអនាគត»

គួរបញ្ជាក់ថា ក្នុងនាមជាមិត្តជិតខាងមួយរបស់អាហ្វហ្គានីស្ថាន និងជាអ្នកទទួលបន្ទុកធំមយយ ដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខជាសកល ប្រទេសចិនបានផ្តល់តម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដោយប្រជាជនអាហ្វហ្គានីស្ថាន ទៅលើអនាគតប្រទេសរបស់ពួកគេផ្ទាល់។ បន្ថែមពីនេះ លោក វ៉ាង យី ក៏បានជំរុញផងដែរ ឲ្យភាគីពាក់ព័ន្ធទាំងអស់ បង្កើតប្រព័ន្ធនយោបាយបើកចំហ និងរួបរួមគ្នាមួយនៅអាហ្វហ្គានីស្ថាន ដើម្បីឈានទៅសម្រេចឲ្យបាននូវ ស្ថិរភាពនយោបាយក្នុងស្រុក និងការបរទេស ហើយផ្តាច់ឲ្យបាននូវរាល់ទំនាក់ទំនង ជាមួយអង្គការភេរវកម្មទាំងអស់៕