(ព្រុចស៊ែល)៖ បណ្ដាប្រទេសជាសមាជិកអង្គការ NATO នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឱ្យបន្តប្រតិបត្តិការជម្លៀសមនុស្សចេញពីទីក្រុងកាប៊ុល លើសពីកាលបរិច្ឆេទថ្ងៃទី៣១ ខែសីហា ដែលកំណត់ដោយសហរដ្ឋអាមេរិក ពីព្រោះមនុស្សជាច្រើនដែលកំពុងស្វែងរក ទីកន្លែងមានសុវត្ថិភាពនោះ កំពុងបន្តជាប់គាំងខាងក្រៅអាកាសយាដ្ឋាននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

អគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានហៅស្ថានភាពនៅខាងក្រៅ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុលបច្ចុប្បន្នថា «គួរឱ្យរន្ធត់ និងលំបាកជាទីបំផុត» ដូច្នេះហើយទើបលោកអះអាងថា ការបន្តការជម្លៀសមនុស្ស គឺជារឿងចាំបាច់ត្រូវធ្វើបន្ទាន់។ លោក Stoltenberg បានបញ្ជាក់ក្រោយចូលរួមកិច្ចប្រជុំបន្ទាន់ នៃរដ្ឋមន្ត្រីការបរទេស NATO យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានកំណត់កាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែសីហា... ប៉ុន្តែសម្ព័ន្ធមិត្តរបស់យើងជាច្រើន ចង់ឱ្យបន្តប្រតិបត្តិការជម្លៀសរហូតទាល់តែយក មនុស្សចេញឱ្យបានច្រើនចេញពីកាប៊ុល»

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានលើកឡើងដែរថា កងទ័ពអាមេរិកនឹងបន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញ ហើយបើតាម NATO មនុស្សច្រើនជាង ១៨,០០០នាក់ហើយបានចាកចេញពីកាប៊ុល ចាប់តាំងពីតាលីបង់ដណ្ដើមកាន់កាប់រដ្ឋធានីមួយនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕