(កាប៊ុល)៖ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា បច្ចុប្បន្នមានកងទ័ពអាមេរិកប្រមាណ ៥,៨០០នាក់នៅឯព្រលានយន្តហោះក្នុងទីក្រុងកាប៊ុល ដើម្បីជួយដល់កិច្ចប្រឹងប្រែងជម្លៀសប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-arabiya នៅយប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចេញបញ្ជាឲ្យកងទ័ពប្រមាណ ៦,០០០ នាក់ទៅកាន់ទីក្រុងកាប៊ុល ដែលជាចំនួនដែលត្រូវបានគេរំពឹងថានឹងឈានទៅដល់នោះ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

មន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថា សហរដ្ឋអាមេរិកបានដឹកមនុស្សប្រហែល ៧,០០០នាក់ហើយចេញពីប្រទេសអាហ្វហ្គានីស្ថាន គិតចាប់តាំងពីបេសកកម្មជម្លៀស បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកគេបានប្រកាសលើកលែងទោស ដល់មនុស្សគ្រប់គ្នាទាំងអស់ និងអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលមុនចូលបម្រើការងារវិញ ហើយពលរដ្ឋអាចបន្តការងារចិញ្ចឹមជីវិតដូចធម្មតា។ ក្រុមតាលីបង់ក៏បានធានាសុវត្ថិភាព ដល់ការជម្លៀសជនបរទេស និងអ្នកទទួលបានសិទ្ធិជ្រកកោននៅបរទេសផងដែរ៕