(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៦៣៩ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ គឺសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៤២៥នាក់។

នៅក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨០នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣១២,៦១១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១២០,០៥៩នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៧,១៥០នាក់៕