(តូក្យូ)៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានលោតលើសពី ២៥,០០០ករណីជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានឆ្លងរីករាលដាលនៃជំងឺរាតត្បាតនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៥,៥៣៤ករណីត្រូវបានបញ្ជាក់ក្នុងទីក្រុងតូក្យូ ដែលជាតួលេខខ្ពស់បំផុតមួយដែរ សម្រាប់រាជធានីជប៉ុនមួយនេះ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅក្នុងប្រទេសជប៉ុនកើនលើសពី ២៣,០០០ករណីជាលើកដំបូងកាលពីថ្ងៃពុធ ដោយលើសពីកំណត់ត្រាមុន ដែលមានចំនួន ២០,៣៦១ករណីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។

លោក Shigeru Omi ទីប្រឹក្សាជាន់ខ្ពស់នៃជំងឺកូវីដ១៩ របស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណីថ្មីពិតប្រាកដអាចខ្ពស់ជាងតួលេខដែលបានរាយការណ៍ ចាប់តាំងពីសមត្ថភាពតេស្តរបស់ប្រទេស មិនអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង៕