(ប៉េកាំង)៖ អាមេរិកបានអួតអាងថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ប៉ុន្តែការរីករាលដាលនៃជំងឺកូវីដ១៩លើកនេះ បានបង្ហាញឱ្យឃើញនូវភាពច្របូកច្របល់ វិបតិ្តផ្ទាល់ខ្លួនរបស់អាមេរិក ធ្វើឱ្យមុខមាត់លាក់ពុតខាងសិទ្ធិមនុស្សបែបអាមេរិក ត្រូវបានលាតត្រដាងយ៉ាងច្បាស់ទៅហើយ។ នាពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិតចំនួនបីរបស់ប្រទេសចិន បានរួមគ្នាចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយបានលើកឡើងថា អាមេរិកជា “ប្រទេសជាប់លេខមួយខាងភាពច្របូកច្របល់នៅលើពិភពលោក” ក្នុងអំឡុងពេលរីករាលដាលនៃជំងឺឆ្លង អាចនិយាយបានថា របាយការណ៍នេះបានលាតត្រដាងពីការពិតរបស់អាមេរិក ដែលបានជាន់ឈ្លីលើសិទិ្ធមនុស្ស និងមានភាពវិបតិ្តលើច្រើនវិស័យ។

ភាពកក្រើករំពើកក្នុងសង្គមជាបញ្ហារបស់អាមេរិកជាប់រហូតមក រីឯការរីករាលដាលនៃជំងឺកូវីដ១៩ បានក្លាយជា “កែវពង្រីក”។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ អាមេរិកបានកើតមានឧក្រិដ្ឋកម្មហិង្សាជាញឹកញប់។ តាមស្ថិតិមិនគ្រប់គ្រាន់បានឱ្យដឹងថា នៅឆ្នាំ២០២០ អាមេរិកបានកើតមានសំណុំរឿងបាញ់ប្រហារជាក្រុមចំនួន ៦១៤ករណី បណ្តាលឱ្យមនុស្ស ៥២១នាក់ស្លាប់។ នៅឆ្នាំ២០២១ គិតរហូតដល់ខែកក្កដា តួលេខទាំងពីរនេះគឺ ៤១០ករណី និង ៤៣៧នាក់។ បច្ចុប្បន្ននេះ អត្រាកើតមានបទឧក្រិដ្ឋនៃប្រទេសអាមេរិក កាន់ចំណាត់ថ្នាក់ទីមួយក្នុងចំណែមប្រទេសរីកលូតលាស់ ហើយក៏ខ្ពស់ជាងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។

តាមស្ថិតិនៃអង្គការ “បញ្ឈប់ចងគំនុំចំពោះពលរដ្ឋដើមកំណើតអាស៊ី ” ដែលជាអង្គការមានលក្ខណៈទូទាំងអាមេរិកបានឱ្យដឹងថា ពីខែមីនាឆ្នាំមុន ដល់ខែមិថុនាឆ្នាំនេះ អង្គការមួយនេះទទួលបានរបាយការណ៍ស្តីពីករណីចងគំនុំ ចំពោះពលរដ្ឋដើមកំណើតអាស៊ីសរុប ៩,០៨១ច្បាប់។ អ្វីដែលកាន់តែធ្វើឱ្យអ្នកផងភ្ញាក់ផ្អើល គឺភាពច្របូកច្របល់ផ្នែកនយោបាយរបស់អាមេរិក។ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំនេះ អ្នកគាំទ្ររបស់ថ្នាក់ដឹកនាំអាមេរិក កាលនោះបានសម្រុកចូលអគាររដ្ឋសភា ប៉ុនប៉ងចង់កែប្រែលទ្ធផលនៃការបោះឆ្នោតសកល។ ប្រការនេះមិនគ្រាន់តែបានលាតត្រដាងថា បញ្ហាជ្រុលនិយមខាងនយោបាយរបស់អាមេរិក ពិបាកដោះស្រាយប៉ុណ្ណោះ ថែមទាំងក៏ជាសាក្សីនៃក្ស័យធនរបស់ ប្រជាធិបតេយ្យបែបអាមេរិកផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ កាសែត «The Washington Post» បានចុះផ្សាយបទអត្ថាធិប្បាយដោយបានលើកឡើងថា ព្រឹត្តិការណ៍សម្រុកចូលអគាររដ្ឋសភា គឺជាសកម្មភាពក្បត់ជាតិដោយកម្លាំងហិង្សា ទោះបីជារដ្ឋាភិបាលអាណត្តិថ្មីបានឡើងកាន់អំណាចក៏ដោយ ក៏និន្នាការណ៍ដែលការបដិក្ខគ្នារបស់គណបក្សទាំងពីរ មានភាពកាន់តែអាប់អួទៅៗ នៅតែគ្មានការកែប្រែនោះឡើយ។

រដ្ឋាភិបាលអាមេរិកទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ ការងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពលំបាកយ៉ាងខ្លាំង ភាពច្របូកច្របល់ក្នុងសង្គមមានភាពកាន់តែធ្ងន់ធ្ងរ ។ល។ កក្តាជាច្រើនទាំងនេះ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនស្រទាប់ទាប ក្នុងសង្គមអាមេរិកបានរងសម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ហើយក៏បានរងការវាយប្រហារ ដែលកាលពីមុនមិនដែលមានផងដែរ។ «របាយការណ៍ស្តីពីភាពលំបាកនៃជំងឺកូវីដ១៩ » ដែលចេញផ្សាយដោយមជ្ឈមណ្ឌលថវិកា និងគោលនយោបាយអាទិភាពរបស់អាមេរិកបានបង្ហាញឱ្យឃើញថា នៅឆមាសទីមួយឆ្នាំ២០២១ នៅអាមេរិកមានក្រុមគ្រួសាររបស់មនុស្សពេញវ័យចំនួន ២០លាននាក់គ្មានចំណីអាហារគ្រប់គ្រាន់ មានមនុស្សពេញវ័យចំនួន ១១.៤លាននាក់ មិនអាចបង់ថ្លៃជួលផ្ទះដោយទាន់ពេលវេលា ពួកគេប្រឈមនឹងភាពលំបាក ដែលត្រូវបណ្តេញចេញពីផ្ទះជួល។

ការពិតជាក់ស្តែងគ្រប់បែបយ៉ាងបានបង្ហាញឱ្យឃើញថា អាមេរិកដែលអួតអាងថា ខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” គឺជាអ្នកជាន់ឈ្លីលើសិទ្ធិមនុស្សធំបំផុតហ្នឹងឯង អាមេរិកអួតអាងថាខ្លួនជា “គំរូ” នៃរបបប្រជាធិបតេយ្យ តែតាមពិតទៅ ក្នុងស្រុកអាមេរិក បានពោរពេញទៅដោយឧក្រិដ្ឋកម្មនិងវិបតិ្ត។ សូមដាស់តឿន “ប្រទេសជាប់លេខមួយខាងភាពច្របូកច្របល់” ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ” គួរតែចាត់វិធានការណ៍យ៉ាងប្រាដប្រជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីបង្ហាញពីគុណធម៌អន្តរជាតិនិងទំនួលខុសត្រូវរបស់ខ្លួន សម្រាប់យកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់បណ្តាប្រទេសនានានៅលើពិភពលោក៕ (#CCFR Comment#)