(ហូស្តុន)៖ លោក ហ្គ្រេក អាប់បុត (Greg Abbott) អភិបាលរដ្ឋតិចសាស់ (Texas) ភាគខាងត្បូងសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 បើទោះបីជាលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ ពេញលេញរួចទៅហើយក្តី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ក្រោយករណីខាងលើនេះកើតឡើង ការិយាល័យនៃអភិបាលរដ្ឋតិចសាស់ បានចេញសេក្តីប្រកាសមួយថា «លោកអភិបាល Abbott បានចាក់វ៉ាក់សាំងពេញលេញ ដើម្បីបង្ការជំងឺ COVID-19 ហើយពេលនេះលោកមានសុខភាពល្អ និងគ្មានចេញរោគសញ្ញាអ្វីនោះឡើយ (នៅក្រោយការធ្វើតេស្តវិជ្ជមាន)»។ ប្រភពដដែលបានបន្តទៀតថា លោក Abbott នឹងបន្តសម្រាកនៅភូមិគ្រឹះអភិបាលរដ្ឋ ដើម្បីធ្វើតេស្ត និងតាមដានអការៈរោគជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា លោកស្រី សេស៊ីលីយ៉ា អាប់បុត (Cecilia Abbott) ដែលត្រូវជាភរិយារបស់លោក Abbott បានធ្វើតេស្ត «អវិជ្ជមាន» សម្រាប់ដំណាក់កាលទីមួយ។ លោក Abbott កាលពីចុងខែកក្កដាកន្លងទៅនេះ បានចេញនូវបទបញ្ជាប្រតិបត្តិមួយ ដោយច្រានចោលការតម្រូវឲ្យមាន កាតព្វកិច្ចចាក់វ៉ាក់សាំង និងពាក់ម៉ាស។ លោក Abbott នៅតែសម្រេចចិត្តបែបនេះ បើទោះបីជាសហរដ្ឋអាមេរិកទាំងមូល បាននិងកំពុងមើលឃើញការកើនឡើងវិញ យ៉ាងគំហុកនៃករណីឆ្លង COVID-19 ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta នោះក៏ដោយ៕