(វ៉ាលីងតោន)៖ ប្រទេសនូវែលសេឡង់នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Delta ចំនួន ០៦ករណីទៀត ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងករណីទីមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ក៏មានគិលានុបដ្ឋាយិកាម្នាក់ ធ្វើការនៅក្នុងមន្ទីរពេទ្យទីក្រុង អកលែនដ៍ (Auckland) ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញផងដែរ។ សម្រាប់ករណីឆ្លងវីរុសបំប្លែងខ្លួន Delta មួយករណីដំបូង ត្រូវបានប្រកាសចេញកាលពីថ្ងៃអង្គារម្សិលមិញ និងជាកត្តាជំរុញឲ្យនូវែលសេឡង់ ប្រកាសបិទប្រទេសក្នុងកម្រិតខ្ពស់ ដោយចាប់អនុវត្តកាលពីពាក់កណ្តាលយប់មិញនេះ។

បើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ករណីរកឃើញវីរុស Delta ដំបូងបំផុតនៅក្នុងប្រទេសដីកោះនេះ គឺមានជាប់ពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លង នៅក្នុងរដ្ឋញូតសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី ដែលរហូតមកទល់ពេលនេះ អូស្ត្រាលីនៅតែបន្តបិទតំបន់ទាំងនោះ និងមើលឃើញករណីឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសនូវែលសេឡង់ បានរកឃើញករណីឆ្លង COVID-19 សរុប ២,៩២៦ករណី ក្នុងនោះស្លាប់ ២៦នាក់ និងជាសះស្បើយឡើងវិញ ២,៨៥៧នាក់៕