(កាប៊ុល)៖ ក្រុមតាលីបង់អាហ្វហ្កានីស្ថានបាននិយាយថាពួកគេចង់មានទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយបណ្ដាប្រទេសដទៃ អមដោយការសន្យាផ្ដល់ទីសុវត្ថិភាព និងលើកលែងទោសឱ្យជនជាតិអាហ្វហ្កានីស្ថានទាំងអស់ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក ឬបក្សសម្ព័ន្ធយោធា NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ការបង្ហាញពីចេតនាផ្សះផ្សាជាតិរបស់ក្រុមតាលីបង់ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយជាលើកដំបូង នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីឡើងកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានគូសបញ្ជាក់ដូច្នេះថា៖ «ដោយសារតែជំនាញ និងទេពកោសល្យរបស់ពួកគេ យើងមិនចង់ឱ្យពួកគេចាកចេញពីប្រទេសឡើយ ហើយចង់ឱ្យពួកគេជួយបម្រើជាតិរបស់ពួកគេ»។ អ្នកនាំពាក្យតាលីបង់រូបនេះ ក៏បានសន្យាដែរថាស្ត្រីអាហ្វហ្កានីស្ថាននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ និងចូលសាលារៀន ព្រមទាំងមានតួនាទីយ៉ាងសកម្មក្នុងសង្គម ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌ អ៉ីស្លាម។

គួរបញ្ជាក់ថា បើតាមលោក Zabihullah Mujahid រដ្ឋាភិបាលថ្មីមួយរបស់ក្រុមតាលីបង់នឹងត្រូវប្រកាសបង្កើតឡើងក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែទន្ទឹមគ្នា បណ្ដាប្រទេស ជាច្រើនបាននាំគ្នាជម្លៀសបុគ្គលិកទូតរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន ហើយពួកគេត្រូវបានគេមើលឃើញថាហាក់ដូចគ្មានបំណងទទួលស្គាល់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី ក្រោមការដឹកនាំរបស់តាលីបង់ឡើយ ក្នុងនោះជាពិសេសគឺអង់គ្លេសតែម្ដងដែលអះអាងថានឹងមិនត្រឡប់ទៅអាហ្វហ្កានីស្ថានវិញទេ៕