(អាល្លឺម៉ង់)៖ ប្រធានាធិបតីអាល្លឺម៉ង់នៅថ្ងៃអង្គារ ទី១៧ ខែសីហា បានរិះគន់មហាអំណាចលោកខាងលិច ជុំវិញទិដ្ឋភាពវឹកវរនៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់នាក់

បានប្រមូលផ្តុំគ្នាក្នុងគោលបំណងរត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមអំណាច។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

លោក Frank-Walter Steinmeier បាននិយាយថា «រូបភាពនៃការអស់សង្ឃឹមនៅអាកាសយានដ្ឋានក្រុងកាប៊ុល គឺជាការអាម៉ាស់មួយសម្រាប់ប្រទេសលោកខាងលិចផ្នែកនយោបាយ» ដោយហៅស្ថានការណ៍នៅអាហ្វហ្គានីស្ថានថា ជាសោកនាដកម្មមនុស្សជាតិដែលយើងទទួលខុសត្រូវរួមគ្នា។

លោក Steinmeier ដែលពីមុនជារដ្ឋមន្ត្រីការបរទេសបាននិយាយថា ប្រទេសអាល្លឺម៉ង់មានកាតព្វកិច្ច ធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីនាំប្រជាជនរបស់យើង និងជនជាតិអាហ្វហ្គានីស្ថានដែលនៅជាមួយពួកគេអស់រយៈពេលជាច្រើនឆ្នាំ ទៅកាន់កន្លែងសុវត្ថិភាព ព្រមទាំងអ្នកដែលនមានហានិភ័យខ្ពស់ និងពួកស្ត្រីៗផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីកសាងសង្គមមួយដែលមានស្ថិរភាព និងឋិតថេរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កើតនូវសំណួរជាច្រើនសម្រាប់អតីតកាល និងអនាគតនៃគោលនយោបាយការបរទេស និងការចូលរួមរបស់ប្រទេសមហាអំណាចលោកខាងលិច៕