(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W Bush ដែលបានចាប់ផ្តើម «សង្គ្រាមប្រឆាំងភេរវកម្ម» នៅអាហ្វហ្គានីស្ថាន និងកន្លែងផ្សេងទៀត ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ បានជំរុញឱ្យរដ្ឋាភិបាលអាមេរិកពន្លឿនការជួយដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាបន្ទាន់ បន្ទាប់ពីក្រុមតាលីប៉ង់ដណ្តើមបានអំណាចយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

លោក Bush និងអតីតជំទាវទីមួយលោកស្រី Laura Bush បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិអំណាចស្របច្បាប់ក្នុងការទទួលស្វាគមន៍ដល់ជនភៀសខ្លួន ក្នុងពេលមានវិបត្តិមនុស្សធម៌ដ៏អាក្រក់នេះ។ យើងមានការទទួលខុសត្រូវ និងធនធានដើម្បីធានាការឆ្លងកាត់ ដោយសុវត្ថិភាពសម្រាប់ពួកគេជាបន្ទាន់បំផុត ដោយគ្មានការពន្យាពេលការិយាធិបតេយ្យឡើយ»។

គ្រួសារប៊ូសបាននិយាយថា ពួកគេជឿជាក់លើកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនថា នឹងមានប្រសិទ្ធភាព ដោយមានជំនួយពីកងកម្លាំងអាមេរិក ដោយបន្ថែមថា សម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក រួមជាមួយអង្គការក្រៅរដ្ឋាភិបាលឯកជនត្រៀមខ្លួនរួចជាស្រេចដើម្បីជួយផងដែរ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W Bush កងកម្លាំងអាមេរិកបានផ្តួលរំលំរដ្ឋាភិបាលតាលីបង់ ដែលបានរៀបចំក្រុមសកម្មប្រយុទ្ធអាល់កៃដា ទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាស កាលពីឆ្នាំ២០០១ នៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន៕