(ប៉េកាំង)៖ ចិនជំរុញឱ្យក្រុមតាលីបង់អាហ្វហ្កានីស្ថាន អនុវត្តគោលនយោបាយសាសនានិយមកណ្តាល ហើយសង្ឃឹមថារបបដឹកនាំអាហ្វហ្កានីស្ថានថ្មីមួយ អាចនឹងបោសសម្អាតរាល់ក្រុមភេរវករអន្តរជាតិទាំងអស់។ នេះបើតាមអ្នកពាក្យក្រសួងការបរទេសចិន ដកស្រង់ និងចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

តាមរយៈសន្និសីទសារព័ត៌មានខ្លីមួយក្នុងថ្ងៃអង្គារនេះ នៅឯទីក្រុងប៉េកាំង អ្នកពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ជុនយីង (Hua Chunying) ក៏បានបញ្ជាក់ដែរថា ចិនសង្ឃឹមថាតាលីបង់ អាចធ្វើការជាមួយគ្រប់ភាគីទាំងអស់ដោយបើកចំហរ ដោយអនុវត្តតាមគោលនយោបាយមិត្តភាព និងសន្តិភាព ជាពិសេសគឺអភិវឌ្ឍទំនាក់ទំនងមិត្តភាព ជាមួយបណ្ដាប្រទេសជិតខាង ដើម្បីសម្រេចឱ្យបាននូវការស្ថាបនាឡើងវិញ និងការអភិវឌ្ឍនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា បើតាមលោកស្រី Hua Chunying របបដឹកនាំថ្មីមួយរបស់អាហ្វហ្កានីស្ថាន ក៏គួរតែចូលរួមចំណែកផងដែរ ក្នុងការកម្ចាត់ក្រុមភេរវករគ្រប់ទម្រង់ទាំងអស់ ក្នុងចេតនាបង្ការកុំឱ្យអាហ្វហ្កានីស្ថាន ក្លាយជាឋានសួគ៌របស់ក្រុមភេរវករ និងក្រុមជ្រុលនិយមសាជាថ្មី៕