(ម៉ានីល)៖ ជនជាតិហ្វីលីពីនចំនួន ៣៥នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន និងធ្វើដំណើរមកដល់រដ្ឋធានីម៉ានីលហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងរដ្ឋធានីកាប៊ុលបានពីរថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

បើតាមក្រសួងការបរទេសហ្វីលីពីន (DFA) ក្រុមហ៊ុនដឹកជញ្ជូនមួយបានជម្លៀស ជនជាតិហ្វីលីពីនទាំង ៣៥នាក់ នៅកាន់ទីក្រុង ដូហា (Doha) នៃប្រទេសកាតាជាមុន រួចទើបជើងហោះពិសេសរបស់រដ្ឋាភិបាលហ្វីលីពីន ទៅដឹកជញ្ជូនពួកគេបន្តពីដូហាមកកាន់រដ្ឋធានីម៉ានីល នៅក្នុងថ្ងៃអង្គារនេះតែម្តង។ DFA បានបញ្ជាក់ទៀតថា នៅសល់ជនជាតិខ្លួន ១៣២នាក់ទៀត កំពុងរង់ចាំការជម្លៀសចេញពីអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ហ្វីលីពីនបានចេញសេចក្តីព្រមានកម្រិតទី ៤ ដែលតម្រូវឲ្យពលរដ្ឋខ្លួនទាំងអស់ ចាកចេញពីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងទីក្រុងកាប៊ុល ចំពោះមុខស្ថានការណ៍មិនច្បាស់លាស់ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕