(តួកគី)៖ តួកគីនាថ្ងៃអង្គារនេះ បានប្រកាសស្វាគមន៍ ការផ្ញើសារប្រកបដោយសញ្ញាវិជ្ជមាន ទៅកាន់សហគមន៍អន្តរជាតិ ដោយក្រុមតាលីបង់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានឡើងគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Alarabiya នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសតួកគី លោក មេវលូត កាវូសូហ្គ្លូ (Mevlut Cavusoglu) បាននិយាយថា សារដំបូងៗរបស់ក្រុមតាលីបង់ ក្រោយការចូលកាន់កាប់រដ្ឋធានីកាប៊ុល គឺប្រកបដោយសញ្ញាវិជ្ជមាន។ លោកបានថ្លែងដូច្នេះថា «យើងស្វាគមន៍សារវិជ្ជមានដែលក្រុមតាលីបង់ បានផ្ញើកាន់ជនបរទេស បេសកកម្មការទូត និងប្រជាជនអាហ្វហ្គានីស្ថានផ្ទាល់។ យើងសង្ឃឹមថានឹងអាចមើលឃើញសញ្ញាវិជ្ជមាន នៅក្នុងសកម្មភាពរបស់ពួកគេដូចគ្នាដែរ»

លោក កាវូសូហ្គ្លូ បានបន្តថា «យើងកំពុងបន្តកិច្ចសន្ទនាជាមួយគ្រប់ភាគីទាំងអស់ នៅអាហ្វហ្គានីស្ថាន រួមទាំងតាលីបង់ផងដែរ។ ឥឡូវនេះ ភាគីអាហ្វហ្គានីស្ថាន កំពុងពិភាក្សាលើបញ្ហាផ្សេងៗរវាងពួកគេផ្ទាល់ ដូចជាថាតើនរណានឹងចូលរួមក្នុងការផ្ទេរអំណាច, តើពួកគេនឹងមាន រដ្ឋាភិបាលបណ្តោះអាសន្នប្រភេទណា។ យើងនឹងរង់ចាំមើល ហើយពិភាក្សាអំពីរឿងទាំងអស់»

គួរបញ្ជាក់ថា តួកគីបានជម្លៀសមន្រ្តីទូតរបស់ខ្លួនទៅកាន់ព្រលានយន្តហោះ ខណៈដែលកងកម្លាំងតាលីបង់ បានចូលគ្រប់គ្រងទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយបានជម្លៀសជនជាតិខ្លួនសរុបច្រើនជាង ៣០០នាក់ ចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទសប្តាហ៍នេះ៕