(ប៊ែរឡាំង)៖ យន្តហោះយោធាអាល្លឺម៉ង់ដំបូង ដែលបានធ្វើដំណើរទៅដល់ទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននោះ បានហោះចេញមកវិញយ៉ាងបន្ទាន់ ដោយមានដឹកមនុស្សសរុបតែ ៧នាក់ប៉ុណ្ណោះ ភៀសខ្លួនចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

បើតាមការបញ្ជាក់ពីរដ្ឋាភិបាលអាល្លឺម៉ង់ ប្រទេសនេះមានគម្រោងដឹកជនជាតិអាល្លឺម៉ង់ និងអាហ្វហ្គានីស្ថានដែលបានទទួលសញ្ជាតិពីរ សរុបរហូតដល់ទៅរាប់ពាន់នាក់ឯណោះ តាមជើងហោះហើរពិសេស ដែលមានយោធាអាល្លឺម៉ង់សរុប ៦០០នាក់ចូលរួមជួយ។ ប៉ុន្តែដោយសារភាពចលាចល បានកើតមានឡើងនៅព្រលានយន្តហោះទីក្រុងកាប៊ុល ទើបមនុស្សសរុបតែ ៧នាក់ប៉ុណ្ណោះ ត្រូវបានដឹកចេញពីទីនោះសម្រាប់ជើងដំបូង។

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី អាន់ណេហ្គ្រែត ក្រាមភ៍ ការែនប៊ឺ (Annegret Kramp-Karrenbauer) បានគូសបញ្ជាក់ថា «យន្តហោះដឹកជញ្ជូន A400M ត្រូវបានបញ្ជូនទៅដឹកទាហាន ពលរដ្ឋអាល្លឺម៉ង់ និងអ្នកដែលទទួលបានសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ សរុបរាប់ពាន់នាក់។ យន្តហោះនេះបានទៅដល់ ព្រលានយន្តហោះទីក្រុងកាប៊ុល កាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែដោយសារតែភាពចលាចល និងស្ថានការណ៍គ្រោះថ្នាក់ខ្លាំងពេក ទើបយើងសម្រេចចិត្តដឹកអ្នកទាំងប៉ុន្មាន ដែលស្ថិតលើយន្តហោះនោះស្រាប់ ទៅកាន់កន្លែងសុវត្ថិភាពសិន»

គួរបញ្ជាក់ថា អ្នកផ្សេងៗទៀត គឺមិនទាន់អាចចូលទៅកាន់ ព្រលានយន្តហោះទីក្រុងកាប៊ុលនោះឡើយ ប្រសិនបើគ្មានការពារពីកងទ័ពអាល្លឺម៉ង់ ហើយនៅពេលនេះក្រសួងការពារជាតិអាល្លឺម៉ង់ កំពុងត្រៀមចូលទៅជម្លៀសប្រជាជនខ្លួន និងមនុស្សផ្សេងៗទៀតនៅថ្ងៃអង្គារនេះ ហើយក៏បានស្នើសុំសហរដ្ឋអាមេរិក ឲ្យអនុញ្ញាតក្នុងការបញ្ជូនយន្តហោះជាលើកទី ២ ចេញពីមូលដ្ឋាននៅទីក្រុង តាស្គែនត៍ (Tashkent) នៃប្រទេសអ៊ូបេគីស្ថានផងដែរ៕