(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានប្រកាសអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅទូទាំងប្រទេសតែម្តង បន្ទាប់ពីករណីឆ្លង COVID-19 ចំនួន១ករណីថ្មី ទើបតែត្រូវបានរកឃើញនៅទីក្រុងអ៊ុកលែន (Auckland) ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុត របស់នូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

លោកស្រី អាដឺន បានបន្ថែមថា វិធានការបិទខ្ទប់នឹងត្រូវអនុវត្ត នៅទីក្រុងអ៊ុកលែនផ្ទាល់ សម្រាប់រយៈពេល៧ថ្ងៃ ខណៈនៅតំបន់ផ្សេងទៀត គឺមានរយៈពេល៣ថ្ងៃ។ បើតាមលោកស្រីនាយករដ្ឋមន្រ្តី អាជ្ញាធរកំពុងសន្មត់ថា ករណីឆ្លងថ្មីនោះ គឺជាករណីវីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែវាមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា ករណីឆ្លងថ្មី ១ករណីខាងលើនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញជាលើកដំបូងឡើងវិញ នៅនូវែលសេឡង់ ក្នុងរយៈពេល៦ខែមកនេះ។ សម្រាប់ប្រភពនៃការឆ្លង គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត។ លើកចុងក្រោយបំផុត ដែលនូវែលសេឡង់បានរាយការណ៍ ពីករណីឆ្លងក្នុងសហគមន៍បែបនេះ គឺកាលពីខែកុម្ភៈ កន្លងទៅ។ ប្រទេសដែលមានប្រជាជនសរុបជិត ៥លាននាក់នេះ មានករណីឆ្លង COVID-19 សរុបជិត ៣,០០០នាក់ប៉ុណ្ណោះ ក្នុងនោះមានស្លាប់២៦នាក់៕