(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចត្រៀមថវិកាចំនួន ៥០០លានដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួនទាំងឡាយ ដែលរត់គេចពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងគ្រប់គ្រងអំណាច។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន ANI នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

លោកប្រធានាធិបតីអាមេរិក បាននិយាយថា វាគឺជារឿងសំខាន់ចំពោះផលប្រយោជន៍ជាតិ ក្នុងការរៀបចំថវិកា៥០០លានដុល្លារ ទុកសម្រាប់គោលដៅដោះស្រាយបញ្ហាលំហូរជនភៀសខ្លួន ដែលបណ្តាលមកពីស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក បៃដិន ក៏បានបញ្ជាក់ដែរថា យោធាអាមេរិកដែលកំពុងស្ថិតនៅទីក្រុងកាប៊ុល មានបេសកកម្មចម្បងតែមួយគត់ គឺជួយមន្រ្តីទូតនិងពលរដ្ឋអាមេរិក ព្រមទាំងសម្ពន្ធមិត្ត ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឲ្យបានឆាប់បំផុតនិងដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមតាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីដណ្តើមកាន់កាប់បាន ទីក្រុងសំខាន់ៗដទៃទៀត នៅទូទាំងប្រទេស ក្នុងល្បឿនយ៉ាងលឿន។ ការត្រឡប់ឡើងកាន់អំណាចជាថ្មី របស់ក្រុមតាលីបង់ បានបង្កឲ្យមានភាពវឹកវរនៅទីក្រុងកាប៊ុល ជាពិសេសនៅឯព្រលានយន្តហោះ ជាទីដែលពលរដ្ឋអាហ្វហ្គានីស្ថានយ៉ាងប្រសាច បានចោមរោមផ្លូវរត់របស់យន្តហោះ និងព្យាយាមឡើងតោងយន្តហោះថែមទៀត ដើម្បីចាកចេញពីប្រទេស ហើយក៏មានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ៕