(កាប៊ុល)៖ នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងអំណាច នៅអាហ្វហ្គានីស្ថាន បានប្រកាសលើកលែងទោសជាទូទៅ ដល់មន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថានមុនទាំងអស់ និងបានអំពាវនាវឲ្យពួកគេ ត្រលប់មកបម្រើការងារវិញដូចធម្មតា ប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅមុននេះបន្តិច។

ការប្រកាសដោយក្រុមតាលីបង់ខាងលើនេះ ត្រូវបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេបានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល ដែលជាបេះដូងសេដ្ឋកិច្ច និងនយោបាយនៃប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងបានធ្វើការចរចា ជាមួយតំណាងរដ្ឋាភិបាលមុនផងដែរ។ យ៉ាងណាក៏ដោយ លទ្ធផលជារួមនៃការចរចា គឺមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ខណៈកិច្ចចរចាបង្កើតរដ្ឋាភិបាលថ្មី ត្រូវបានគេរំពឹងទុកថា អាចនឹងត្រូវធ្វើឡើងនៅទីក្រុង ដូហា (Doha) នៃប្រទេសកាតា។

នៅក្នុងសេចក្តីថ្លែងការណ៍ ចេញពីរដ្ឋធានីកាប៊ុលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលើកលែងទោសជាទូទៅមួយ ត្រូវបានប្រកាសចេញសម្រាប់គ្រប់គ្នាហើយ... ដូច្នេះអ្នកទាំងអស់គួរតែចាប់ផ្តើមជីវិតរស់នៅ និងបំពេញកិច្ចការងារដូចធម្មតាវិញ ជាមួយនិងទំនុកចិត្តដ៏ពេញលេញ»