(ហៃទី)៖ អាជ្ញាធរនៃប្រទេសហៃទីនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រដែលបានវាយប្រហារប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានកើនឡើងដល់ ១,៤១៩នាក់ហើយ ខណៈចំនួនអ្នករងរបួសក៏បានកើនឡើងដល់ ៦,០០០នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញាកម្រិតធ្ងន់។

រហូតមកទល់ពេលនេះ អាជ្ញាធរហៃទី កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ ស្របពេលផ្ទះសម្បែងជាង ៧,០០០ខ្នងត្រូវបានរងការបំផ្លិចបំផ្លាញ និងជិត ៥,០០០ខ្នងទៀតរងការខូចខាត ដែលធ្វើឱ្យគ្រួសារប្រមាណ ៣០,០០០គ្រួសារ គ្មានផ្ទះសម្បែងស្នាក់នៅ។ ចំណែកឯ មន្ទីរពេទ្យ សាលារៀន ការិយាល័យ និងព្រះវិហារ ព្រមទាំងជាអគារជាច្រើនទៀត ក៏ត្រូវរងការបំផ្លិចបំផ្លាញ ឬខូចខាតយ៉ាងដំណំផងដែរ។

គួរបញ្ជាក់ថា ការបំផ្លិចបំផ្លាញអាចនឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងការមកដល់នៃព្យុះត្រូពិច ហ្គ្រែស (Grace) ដែលគេព្យាករណ៍ថា នឹងទៅដល់ប្រទេសហៃទីនៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយនឹងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលកម្រិតទឹកភ្លៀងអាចឡើងដល់ ៣៨សង់ទីម៉ែត្រនៅតំបន់ខ្លះ៕