(កាប៊ុល)៖ មន្រ្តីតាលីបង់ម្នាក់បាននិយាយថា ក្រុមយុទ្ធជនតាលីបង់ នៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមដើរប្រមូលអាវុធពីជនស៊ីវិលនៅថ្ងៃចន្ទនេះ ដោយលើកហេតុផលថា ប្រជាជនលែងត្រូវការអាវុធទាំងនោះដើម្បីការពារខ្លួនទៀតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

មន្ត្រីតាលីបង់មួយរូបដែលមិនបានបញ្ចេញឈ្មោះខាងលើនេះបានប្រាប់ Reuters ថា «យើងយល់ថាមនុស្សរក្សាអាវុធដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែឥឡូវនេះពួកគេអាច មានអារម្មណ៍ថាមានសុវត្ថិភាពហើយ។ យើងនៅទីនេះមិនមែនដើម្បីធ្វើបាបជនស៊ីវិលស្លូតត្រង់ឡើយ»។

លោក Saad Mohseni អ្នកស្រុកម្នាក់រស់នៅក្នុងរដ្ឋធានី និងជានាយកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ MOBY បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ទាហានតាលីបង់បានមកដល់បរិវេណក្រុមហ៊ុនរបស់លោក ដើម្បីសាកសួរអំពីអាវុធ ដែលក្រុមសន្តិសុខរក្សាទុក»