(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះបាននិយាយថា ជំងឺ COVID-19 បានបង្រៀនប្រទេសឥណ្ឌូណនេស៊ី អំពីរបៀបស្វែងរកតុល្យភាពរវាងផលប្រយោជន៍សុខភាពសាធារណៈ និងសេដ្ឋកិច្ច ខណៈលោកបានលើកឡើងពីការយល់ឃើញថា គោលនយោបាយរបស់រដ្ឋាភិបាល ប្រហែលជាមិនមានភាពស៊ីសង្វាក់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់ប្រជាជនឥណ្ឌូណេស៉ី នៅមុនទិវាបុណ្យឯករាជ្យជាតិលើកទី ៧៦ ដែលត្រូវនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ លោក Widodo បានថ្លែងថា រដ្ឋាភិបាលត្រូវតែបន្តធ្វើការសម្រេចចិត្តនានា ដោយយោងទៅលើទិន្នន័យ ក៏ដូចជាទៅតាមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ខណៈប្រទេសឥណ្ឌូណេស៊ីនៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច ១១៧,០០០នាក់រួចទៅហើយ។

លោក Widodo ក៏បានបញ្ជាក់ផងដែរថា គោលបំណងរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នា ប៉ុន្តែយុទ្ធសាស្រ្ត និងការគ្រប់គ្រងលើវិស័យនេះ ត្រូវតែមានភាពស្វាហាប់ និងសម្របខ្លួនទៅតាមបញ្ហាប្រឈម។ ឧទាហរណ៍ ការរឹតបន្តឹង និងការបន្ធូរបន្ថយលើការធ្វើដំណើរនៅក្នុងសហគមន៍ ត្រូវតែធ្វើឱ្យឡើងជារៀងរាល់សប្តាហ៍ ដោយយោងទៅលើទិន្នន័យចុងក្រោយបង្អស់។

លោក Widodo បាននិយាយបន្ថែមថា «នោះគឺជាអ្វីដែលយើងត្រូវធ្វើ ដើម្បីស្វែងរកការរួមបញ្ចូលគ្នាដ៏ល្អបំផុតរវាងផលប្រយោជន៍សុខភាពសាធារណៈ និងផលប្រយោជន៍សេដ្ឋកិច្ច ពីព្រោះវីរុសដ៏កាចសាហាវនេះ តែងតែបំប្លែងខ្លួនថ្មីជានិច្ច។ ដូច្នេះការដោះស្រាយត្រូវតែផ្លាស់ប្តូរ ទៅតាមបញ្ហាប្រឈមដែលយើងបានជួបប្រទះ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៉ីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣.៨៥លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១១៧,០០០នាក់ និងអ្នកជាសះស្បើយជាង ៣.៣៥លាននាក់៕