(គូឡាឡាំពួ)៖ នៅទីបំផុតព្រះមហាក្សត្រម៉ាឡេស៊ី បានសម្រេចព្រះទ័យយល់ព្រមឲ្យ លោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) នៅកាន់តំណែងជា «នាយករដ្ឋមន្ត្រីចាំផ្ទះ» បន្ទាប់ពីការទូលសុំលាលែង ចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យ យល់ព្រមជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍ ពីព្រះបរមរាជវាំងម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah) ទ្រង់បានសម្រេចព្រះទ័យយល់ព្រម ចំពោះការទូលសុំលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីសំណាក់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីរបស់លោក ដោយមានសុពលភាពចាប់ពីថ្ងៃចន្ទនេះតទៅ។ នៅក្នុងន័យនេះ លោក Muhyiddin Yassin ក៏នឹងត្រូវបន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវបានជ្រើសតាំងជាផ្លូវការ។

សេចក្តីថ្លែងការណ៍ពីព្រះរាជវាំង ក៏បានសង្កត់ធ្ងន់ថែមទៀតថា ដោយគិតគូរអំពីសុវត្ថិភាពរបស់ប្រជាជន ការបោះឆ្នោតសកលនៅក្នុងអំលុងពេល នៃការកើតមានជំងឺរាតត្បាតសកល (COVID-19) នេះមិនមែនជម្រើសដ៏ល្អឡើយ។ ទោះយ៉ាងណាក្តី ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅ ក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៉ី ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមាជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Muhyiddin ដែលបានឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺ COVID-19 មិនបានល្អ។ ការលាលែងពីតំណែងនេះ បានធ្វើឲ្យលោក Muhyiddin ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលកាន់អំណាចបានខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត៕