(ប៉េកាំង)៖ ថ្ងៃចន្ទនេះ ចិនបានបង្ហាញឆន្ទៈ ក្នុងការអភិវឌ្ឍទំនាក់ទំនងល្អក្នុងនាមជាមិត្ត ជាមួយក្រុមតាលីបង់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ប្រទេសចិនគោរពសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការកំណត់ជ្រើសរើសជោគវាសនាផ្ទាល់ខ្លួន ដោយឯករាជ្យ ហើយត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងប្រកបដោយកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអាហ្វហ្គានីស្ថាន»

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ នៅមួយថ្ងៃក្រោយពីក្រុមតាលីបង់ ទីបំផុតបានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល បន្ទាប់ពីវាយដណ្តើមបានទីក្រុងសំខាន់ៗដទៃទៀត នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ហើយប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនចេញពីប្រទេស។ តាមរយៈការគ្រប់គ្រងរដ្ឋធានីកាប៊ុល និងការភៀសខ្លួនរបស់ប្រធានាធិបតី ក្រុមតាលីបង់ក៏បានប្រកាសផងដែរថា សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ជាស្ថាពរ៕