(កាប៊ុល)៖ មានមនុស្សមួយចំនួន ត្រូវគេរាយការណ៍ថា បានបាត់បង់ជិវិត នាថ្ងៃចន្ទនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ជាទីដែលពលរដ្ឋអាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកកកុញ ដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលឥឡូវស្ថិតក្រោមការគ្រប់គ្រង់របស់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

បណ្តាញព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់ កំលុងភាពចលាចលផ្ទុះឡើង នៅពេលមនុស្សម្នា ព្យាយាមរត់ឡើងយន្តហោះ។ វាមិនច្បាស់នោះទេថា ពួកគេបានស្លាប់ដោយរបៀបណា ប៉ុន្តែយោធាអាមេរិក ធ្លាប់បានបាញ់ឡើងលើព្រមាន អ្នកដែលប៉ុនប៉ងឡើងជិះជើងហោះហើរយោធា ដោយពុំមានការអនុញ្ញាត។

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា យោធាអាមេរិក ធានាបាននូវការគ្រប់គ្រងបរិវេណនៃព្រលានយន្តហោះ ហើយកម្លាំងទ័ពនឹងកើនដល់ជិត ៦,០០០នាក់ កំលុងដើមសប្តាហ៍នេះ ដោយពួកគេមានបេសកកម្មចម្បងតែមួយគត់ គឺជួយសម្រួលឲ្យមន្រ្តីទូតអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ព្រមទាំងជនស៉ីវិលមួយចំនួន ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមតាលីបង់បានចូលគ្រប់គ្រងដល់ វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ខណៈប្រធានាធិបតី លោក Ashraf Ghani បានរត់ភៀសខ្លួនឆ្ពោះទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន៕