(វ៉ាស៉ីនតោន)៖ មេបញ្ជាការយោធាកំពូលរបស់អាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនាពេលនេះ អាចប្រឈមមុខនឹង ការកើនឡើងនៃការគំរាមកំហែងភេរវកម្ម ពីប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

លោក ម៉ាក មៀលលី (Mark Milley) នាយសេនាធិការនៃកងទ័ពចម្រុះអាមេរិក បានថ្លែងថា ក្រុមមន្រ្តីអាមេរិកគួរតែកែសម្រួលឡើងវិញនូវ ការវាយតម្លៃកន្លងមករបស់ពួកគេ អំពីល្បឿននៃការប្រមូលផ្តុំកម្លាំងរបស់ក្រុមភេរវករ នៅប្រទេសអាហ្វហ្គានីស្ថាន។ កាលពីមិថុនាកន្លងទៅ ថ្នាក់ដឹកនាំក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រុមភេរវករដូចជា អាល់កៃដា ជាដើម ប្រហែលអាចកសាងកម្លាំងឡើងវិញ នៅអាហ្វហ្គានីស្ថាន ហើយបង្កការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក ក្នុងរយៈពេល២ឆ្នាំ ក្រោយការដកទ័ពរបស់អាមេរិក។

យ៉ាងណាមិញ បើតាមលោក ម៉ាក ឥឡូវវាប្រហែលជាលឿនជាងការរំពឹងទុកនោះឆ្ងាយណាស់ ដោយយោងទៅតាមស្ថានការណ៍វិវត្តបច្ចុប្បន្ន គឺអាហ្វហ្គានីស្ថានត្រូវធ្លាក់ទៅក្នុង ការគ្រប់គ្រងរបស់ក្រុមតាលីបង់។ ក្រុមមន្រ្តីរដ្ឋាភិបាលលោក ចូ បៃដិន បាននិយាយថា ពេលនេះ បណ្តាញស៉ើបការណ៍សម្ងាត់អាមេរិក កំពុងរៀបចំបង្កើតការវាយតម្លៃថ្មី ដោយផ្អែកលើការវិវត្តនៃការគំរាមកំហែង។

គួរបញ្ជាក់ថា បណ្តាញស៉ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខជាមួយសំណួរនិងការរិះគន់ ចំពោះអ្វីដែលត្រូវបានទុកថាជា ភាពបរាជ័យរបស់ពួកគេ ក្រោយរដ្ឋាភិបាលទីក្រុងកាប៊ុល បានដួលរលំក្នុងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើល។ មិនដល់មួយសប្តាហ៍មុនឡើយ ការវាយតម្លៃរបស់អាមេរិក បានទស្សន៍ទាយថា ទីក្រុងកាប៊ុលអាចត្រូវឡោមព័ទ្ធដោយក្រុមតាលីបង់ ក្នុងរយៈពេលយ៉ាងហោច៣០ថ្ងៃ តែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ពិភពលោកបានមើលឃើញ ក្រុមតាលីបង់ចូលគ្រប់គ្រង វិមានប្រធានាធិបតីអាហ្វហ្គានីស្ថានបាត់ទៅហើយ ខណៈប្រធានាធិបតីអាហ្វហ្គានីស្ថានផ្ទាល់ បានរត់ភៀសខ្លួនចេញពីប្រទេស ហើយពលរដ្ឋអាហ្វហ្គានីស្ថាន និងជនបរទេស បានប្រញាប់ប្រញាល់ ឡើងយន្តហោះ ដើម្បីចាកចេញពីប្រទេសមជ្ឈិមបូព៌ាមួយនេះ៕