(ប៉េកាំង)៖ បើនិយាយពីភាពយន្តភាគដ៏ពេញនិយមក្នុងឆ្នាំ២០២១ នៅប្រទេសចិន គឺយើងត្រូវនិយាយពីរឿង «សម័យកាលភ្ញាក់ដឹងខ្លួន»។ ភាពយន្តភាគនេះថតឡើងដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនដែលរៀបរាប់ពីរឿងបដិវត្តន៍ ដែលកើតឡើងក្នុងឆ្នាំដែលបង្កើត «ទស្សនវដ្តីយុវជន» កាលពីឆ្នាំ១៩១៥ ដល់ឆ្នាំដែលទស្សនវដ្តី «យុវជនថ្មី» ក្លាយទៅជាទស្សនវដ្តីនៃបក្សកុម្មុយនិស្តចិននៅឆ្នាំ ១៩២១ ដែលបង្ហាញពីប្រវត្តិសាស្ត្រ ចាប់ពីចលនាវប្បធម៌ថ្មី ចលនា ៤ ឧសភា ដល់ការបង្កើតបក្សកុម្មុយនិស្តចិន ក៏ដូចជាបង្ហាញពីទំនៀមទម្លាប់សង្គម និងរបៀបរស់នៅផ្សេងៗក្នុងសម័យនោះផងដែរ។

សាច់រឿងសំខាន់នៃភាពយន្តភាគនេះរៀបរាប់ពីដំណើរដែលលោក Li Dazhao លោក Chen Duxiu ដែលជាស្ថាបនិកបក្សកុម្មុយនិស្តចិន និងលោក Hu Shi អ្នកដឹកនាំនៃចលនាវប្បធម៌ថ្មីបានស្គាល់គ្នា ដឹងចិត្តគ្នា រហូតដល់ដើរតាមផ្លូវខុសៗគ្នា។
សាច់រឿងបន្ទាប់បន្សំគឺដំណើរដ៏បត់បែនរបស់យុវជនបដិវត្តន៍រួមមានលោកម៉ៅសេទុង លោកចូវអិនឡៃជាដើមក្នុងការស្វែងរកសច្ចធម៌ដែលបានបង្ហាញពីភាពមិនអាចចៀសវាងបាននៃការគួបផ្សំគ្នារវាងលិទ្ធិម៉ាក្សនិយមនិងចលនាកម្មករចិន ក៏ដូចជាការបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។
បន្ទាប់ពីបានចាក់ផ្សាយ ការដាក់ពិន្ទុលើវេបសាយ Douban ដែលជាវេបសាយល្បីឈ្មោះខាងដាក់ពន្ទុអោយភាពយន្តរបស់ចិនបានកើនពី ៨,២ ពិន្ទុឡើងដល់ ៩,៣ ពិន្ទុ ព័ត៌មានពាក់ព័ន្ធភាពយន្តភាគនេះមានអ្នកអានលើសពី ២៥០ លាននាក់។ តើហេតុអ្វីបានជាភាពយន្តទូរទស្សន៍បែបបដិវត្តន៍មួយនេះ ទទួលការពេញនិយមដូច្នេះ?

«មានតែរកឃើញផ្លូវថ្មីមួយ ទើបប្រទេសចិនមិនរលាយ។»
“តើអ្វីជាផ្លូវថ្មី?”
“មិនដឹងទេ។”

នេះគឺជាកិច្ចសន្ទនារវាងលោក Li Dazhao និង Chen Duxiu ក្នុងភាគទី ១ ពេលដែលពួកគាត់ជួបគ្នាជាលើកដំបូងនៅប្រទេសជប៉ុន និងរួមគ្នាស្វែងរកវិធីសាស្រ្តសម្រាប់សង្គ្រោះជាតិ។ ក្នុងសម័យកាលដ៏រង្គោះរង្គើរនោះ វិបត្តិផ្ទៃក្នុងនិងខាងក្រៅធ្វើឱ្យប្រទេសចិនមានភាពវឹកវរ ជនជាតិចិនមិនដឹងត្រូវដោះស្រាយដោយវិធីណា។ តើត្រូវធ្វើយ៉ាងណាដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិមួយដែលសមស្របទៅនឹងស្ថានការណ៍ជាតិ? សំណួរនេះគឺជាអ្វីដែលភាពយន្តភាគរឿង«សម័យកាលភ្ញាក់ដឹងខ្លួន»បានឆ្លើយតប។

ឥស្សរជនដែលមានវត្តមានក្នុងសៀវភៅប្រវត្តិសាស្រ្តចិន ដូចជាលោក Li Dazhao លោក Chen Duxiu លោកMao Zedong លោកCai Yuanpei និងលោក Zhou Enlai ជាដើមបាន"រស់ឡើងវិញ”ក្នុងភាពយន្តភាគនេះ ហើយគោលបំណងដើមរបស់ពួកគេបានធ្វើឱ្យទស្សនិកជនរំភើបចិត្ត។

សូមបញ្ជាក់ថា ក្នុងមហោស្រពភាពយន្តទូរទស្សន៍ក្រុងសៀងហៃលើកទី ២៧ កាលពីខែមិថុនាឆ្នាំ ២០២១ ភាពយន្តភាគរឿង«សម័យកាលភ្ញាក់ដឹងខ្លួន»បានឈ្នះរង្វាន់អ្នកដឹកនាំរឿងឆ្នើមបំផុត អ្នកនិពន្ធរឿងឆ្នើមបំផុត និងតួឯកឆ្នើមបំផុត៕