(បាងកក)៖ ភឿថៃ (Pheu Thai) ដែលជាគណបក្សប្រឆាំងធំបំផុតនៅប្រទេសថៃ នឹងបញ្ចូនសំណើសុំធ្វើការ «បោះឆ្នោតដកទំនុកចិត្ត» ចំពោះលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ០៤រូបទៀត នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ខណៈបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ និងរាជវង្ស កាន់តែមានសភាពក្តៅគគុកខ្លាំងឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

គណបក្ស ភឿថៃ បានប្រកាសថា សមាជិកគណៈរដ្ឋមន្ត្រីទាំង ០៥រូប ដែលនឹងត្រូវប្រឈមមុខ ការបោះឆ្នោតដកទំនុកចិត្តនោះ រួមមាន៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិលោក ប្រាយុទ្ធ ចាន់អូចា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក អនុធិន ឆានវីរៈគុល ( Anutin Charnvirakul), រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក សាក់សាយ៉ាម ឈីដឆប (Saksayam Chidchob), រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការ លោក ឆាឡឺមឆៃ ស្រ៊ីអន (Chalermchai Sri-on) និងរដ្ឋមន្ត្រីក្រសួងការងារលោក ស៊ូឆាត ឆុមគ្លីន (Suchart Chomklin)។

បន្ថែមពីខាងលើនេះ គណបក្ស ភឿថៃ ក៏គ្រោងដាក់បញ្ចូលឈ្មោះរដ្ឋមន្ត្រីក្រសួងសង្គម និងសេដ្ឋកិច្ចឌីជីថលមួយរូបទៀត ទៅក្នុងបញ្ជីនៃក្រុមរដ្ឋមន្ត្រី ដែលនឹងត្រូវទទួលការបោះឆ្នោត ដកទំនុកពីសភានោះផងដែរ។ គម្រោងដាក់ពាក្យស្នើសុំ ឲ្យមានការបោះឆ្នោតខាងលើនេះ គឺជាការឆ្លើយតបចំពោះការរិះគន់កាន់តែខ្លាំង ពីសំណាក់សាធារណជនថៃ ពាក់ព័ន្ធនឹងសមត្ថភាពរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ក្នុងការដោះស្រាយវិបត្តិ COVID-19 ដែលកំពុងរីករាលដាលកាន់តែខ្លាំង នៅក្នុងប្រទេសអាស៊ានមួយនេះ៕