(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,១៥៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៤៩៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៥៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៩៨៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩២០,៦០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៦៤០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧០៩,៦៤៦នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕