(ហៃទី)៖ អាជ្ញាធរនៃប្រទេសហៃទីបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា បានកើនដល់ ១,២៩៧នាក់ហើយ ខណៈមនុស្សជាង ៥,៧០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញាកម្រិតធ្ងន់។

បើតាមអាជ្ញាធរប្រទេសហៃទី ក្នុងចំណោមមនុស្សស្លាប់ខាងលើនេះ ១,០៥៤នាក់ស្ថិតនៅតំបន់ ស៊ូដ (Sud), ១១៩នាក់នៅតំបន់ ហ្គ្រែន អាន់សេ (Grand'Anse), ១២២នាក់នៅតំបន់ នីពស៍ (Nippes) និង ០២នាក់ទៀតនៅតំបន់ ណដ-វែស (Nord-Ouest)។

គួរបញ្ជាក់ថា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសម្តែងការតក់ស្លុត និងសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មបង្កឡើងដោយគ្រោះរញ្ជួយដីនៅហៃទី។ លោកបានអះអាងថា មន្ត្រីនៃទីភ្នាក់ងារ UN កំពុងសហការជាមួយអាជ្ញាធរហៃទី ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នោះ។

រហូតមកដល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ព្រោះអាជ្ញាធរជឿជាក់ថា មនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។ ដោយឡែកសម្រាប់ទំហំនៃការខូចខាតវិញនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ ហៃទីអាចចាត់ទុកជាប្រទេសដីកោះមួយ ស្ថិតនៅក្នុងដែនសមុទ្រការីបៀន ដែលតែងតែរងគ្រោះធម្មជាតិអាក្រក់ៗដូចជារញ្ជួយដី និងព្យុះកំណាចផងដែរ៕