(កាប៊ុល)៖ ក្រុមតាលីបង់បានប្រកាសក្តែងៗថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ បន្ទាប់ពីកងកម្លាំងរបស់ពួកគេ បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួន នៅបន្តដឹកនាំជនជាតិរបស់ពួកគេ ចាកចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

សម្រាប់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) ដែលបានភៀសខ្លួនចេញពីប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា លោកសុខចិត្តធ្វើបែបនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា។ យ៉ាងណាក៏ដោយ ជនជាតិអាហ្គានីស្ថានរាប់រយនាក់ បានរង់ចាំយ៉ាងកកុញក្នុង ព្រលានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដើម្បីរង់ចាំភៀសខ្លួននៅក្នុងថ្ងៃជាមួយគ្នានោះដែរ។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះដែរ លោក ម៉ូហាំម៉ាត់ ណាអ៊ីម (Mohammad Naeem) អ្នកនាំពាក្យនៃការិយាល័យនយោបាយក្រុមតាលីបង់ បានប្រាប់ទូរទស្សន៍ Al Jazeera យ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបាន មកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំ។ អរគុណព្រះជាម្ចាស់! សង្គ្រាមបានបញ្ចប់ហើយនៅក្នុងប្រទេសនេះ»។

អ្នកនាំពាក្យខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន នឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់ នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនង ជាមួយអន្តរជាតិប្រកបដោយសន្តិភាព។ យើងបានទាមទារយកមកវិញ នូវអ្វីដែលយើងចង់បាន នោះគឺសេរីភាពនៃប្រទេសរបស់យើង និងឯករាជ្យភាពនៃប្រជាជន។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីគំរាមកំហែងអ្នកផ្សេងទៀតឡើយ ហើយយើងក៏មិនចង់បង្កការគំរាមកំហែង ចំពោះនរណាម្នាក់នោះដែរ»។

សម្រាប់សហរដ្ឋអាមេរិកវិញបានបង្ហើបនៅព្រឹកថ្ងៃចន្ទនេះថា បុគ្គលិកទូតស្ទើរតែទាំងអស់ទៅហើយ ក្នុងនោះរួមទាំងអគ្គរដ្ឋទូតប្រចាំនៅអាហ្វហ្គានីស្ថាន លោក រ៉ូស វីលសុន (Ross Wilson) ផងដែរ ត្រូវបានជម្លៀសចេញពីប្រទេសនេះ ខណៈទង់ជាតិអាមេរិក ក៏ត្រូវបានដកចេញពីស្ថានទូតរួចរាល់ផងដែរ។ បើតាមសាក្សីនៅក្នុងទីក្រុងកាប៊ុល បានប្រាប់សារព័ត៌មានក្នុងស្រុក 1TV ថា នៅពេលព្រលប់ថ្ងៃអាទិត្យ គេបានលឺសំឡេងផ្ទុះមួយចំនួនបានកើតមាន នៅក្នុងរដ្ឋធានីកាប៊ុលផងដែរ ប៉ុន្តែចាប់តាំងពីពេលនោះ រហូតដល់ព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ ទីក្រុងកាប៊ុលហាក់ស្ងប់ស្ងាត់។

គួរបញ្ជាក់ឡើងវិញថា ក្រោយការភៀសខ្លួនចេញពីទីក្រុងកាប៊ុល លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី បានបង្ហោះសារលើទំព័រ Facebook របស់លោកថា «ខ្ញុំបានចាកចេញពីប្រទេសព្រោះតែមិនចង់បង្កឲ្យមានការប៉ះទង្គិច ជាមួយក្រុមតាលីបង់ ដែលនឹងធ្វើឲ្យប្រជាជនរាប់លាននាក់ រស់នៅទីក្រុងកាប៊ុលជួបគ្រោះថ្នាក់»។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា តើលោក អាស្រាហ្វ ហ្គានី បានភៀសខ្លួនទៅកាន់ទីណា ឬប្រទេសណានោះឡើយ ប៉ុន្តែនៅមុននេះ សារព័ត៌មានបរទេសបានចុះផ្សាយថា លោកបានភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ហើយបើតាមក្រសួងការបរទេសរុស្ស៊ី លោក ហ្គានី ប្រហែលជាអាចភៀសខ្លួន តាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក។

លោក ហ្គានី ក៏មិនបាននិយាយពីរបៀបនៃការផ្ទេរអំណាច ឬក៏ការចាត់ចែងផ្ទៃក្នុងយ៉ាងណាទៀតនោះដែរ ដោយអ្វីៗគ្រប់យ៉ាង គឺទំនងជានឹងត្រូវរង់ចាំការចាត់ចែង ដោយក្រុមតាលីបង់ទាំងអស់ ព្រោះពេលនេះបេះដូងធំបំផុតរបស់អាហ្វហ្គានីស្ថាន គឺរដ្ឋធានីកាប៊ុល បានធ្លាក់ចូលក្នុងកណ្តាប់ដៃតាលីបង់ទាំងស្រុងទៅហើយ។ បន្ថែមពីនេះ មេបញ្ជាការក្រុមតាលីបង់ និងកងកម្លាំងប្រដាប់អាវុធឯទៀត កំពុងគ្រប់គ្រងនៅវិមានប្រធានាធិបតី៕