(កាប៊ុល)៖ ក្រុមតាលីបង់បានចូលទៅក្នុងរដ្ឋធានីកាប៊ុលហើយ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ និងអះអាងថាពួកគេបានគ្រប់គ្រងវិមានប្រធានាធិបតីបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច លោក Ashraf Ghani ភៀសខ្លួនចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters។

មន្ត្រី ២នាក់របស់ក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថានឹងមិនមានឡើយរដ្ឋាភិបាលបណ្ដោះអាសន្ន ពោលគឺពួកគេនឹងឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានទាំងស្រុងតែម្ដង។ មន្ត្រី ២នាក់នេះដដែលក៏បានបញ្ជាក់ដែរថាក្រុមតាលីបង់នៅពេលនេះបានគ្រប់គ្រងវិមានប្រធានាធិបតីហើយ តែខាងរដ្ឋាភិបាល ទីក្រុងកាប៊ុលមិនទាន់ទទួលស្គាល់នៅឡើយទេ។

គួរបញ្ជាក់ថា លោក Ashraf Ghani ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ហើយបើតាមក្រសួងការបរទេសរុស្ស៊ី លោក Ghani ប្រហែលជាអាចភៀសខ្លួនតាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក៕