(ប៊ែរឡាំង)៖ ក្រសួងការបរទេសនៃប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះបានប្រកាសពីការសម្រេចបិទស្ថានទូតអាល្លឺមង់ប្រចាំទីក្រុងកាប៊ុលហើយ ខណៈក្រុមតាលីបង់ត្រូវបានគេរំពឹងថានឹងឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មីម្ដងទៀតឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាល្លឺម៉ង់ DW។

ក្រៅតែពីការប្រកាសបិទស្ថានទូត ក្រសួងការបរទេសអាល្លឺម៉ង់ក៏បានស្នើឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់ចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់ផងដែរ។ ការស្នើ ឡើង នេះធ្វើឡើងចំពេលក្រុមតាលីបង់កំពុងឡោមព័ទ្ធរដ្ឋធានីកាប៊ុលពីគ្រប់ទិសទី។ ការវាយប្រយុទ្ធគ្នាអាចនឹងផ្ទុះឡើង ប្រសិនបើកិច្ចចរចាផ្ទេរអំណាចដោយ
សន្តិវិធីរវាងរដ្ឋាភិបាលទីក្រុងកាប៊ុល និងក្រុមតាលីបង់បរាជ័យ៕