(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៩,៥៨០ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៥១៦នាក់។

នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៣៧នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៧៥,០៤៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០២,៥០៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៥,៧៧៤នាក់៕